បុរស​ខ្លាំង​ហ្វីលីពីន​៖ អ្នកបដិសេធមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ មិនឱ្យចាកចេញពីផ្ទះ

ចែករំលែក៖

អន្តរជាតិ​៖​ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ខណៈប្រទេសរបស់លោក​ កំពុងព្យាយាមការពារប្រជាជន ពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឱ្យជំងឺឈឺធ្ងន់នោះ​ លោកបានបញ្ជាឱ្យរដ្ឋាភិបាលរបស់ខ្លួន បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់អ្នកដែលចង់ចាក់វ៉ាក់សាំង។ មិនតែប៉ុណ្ណោះ​ លោក Duterte ក៏បានបញ្ជាឱ្យមេភូមិ រារាំងអ្នកនៅក្នុងសហគមន៍របស់ពួកគេ ដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងនោះ មិនឲ្យចាកចេញពីផ្ទះផងដែរ។​

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនៅក្នុងសុន្ទរកថាមួយ ដោយសម្តែងការព្រួយបារម្ភចំពោះវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង នៅទូទាំងពិភពលោកនោះថា «យើងនឹងផ្តល់ការចាក់វ៉ាក់សាំង ជូនដល់អ្នកដែលចង់ចាក់វ៉ាក់សាំង»។ ដោយការផ្គត់ផ្គង់វ៉ាក់សាំងមានកំណត់ វាត្រូវបានផ្តល់អាទិភាពដល់ក្រុមបុគ្គលិកថែទាំសុខភាព ក្រុមមនុស្សចាស់ ក្រុមមនុស្សដែលមានសុខភាពមិនល្អស្រាប់ និងក្រុមមនុស្សពេញវ័យដែលគ្រប់អាយុធ្វើការ។

ជាក់ស្ដែង​លោក ឌូតឺតេ បានថ្លែងជុំវិញបញ្ហានេះថា៖ «ខ្ញុំកំពុងប្រាប់អ្នកកុំឱ្យចាកចេញពីផ្ទះរបស់អ្នក។ ប្រសិនបើអ្នកចេញទៅក្រៅ ខ្ញុំនឹងប្រាប់ប៉ូលិសឱ្យនាំអ្នកត្រលប់ទៅផ្ទះវិញ ពីព្រោះអ្នកអាចជាអ្នកដើរចម្លងវីរុសនេះបាន។ ប្រសិនបើអ្នកមិនចង់ជួយប្រទេស ដោយការចាក់វ៉ាក់សាំងទេនោះ ចូរស្នាក់នៅក្នុងផ្ទះរបស់អ្នក ដែលវាជាការប្រសើរបំផុត»។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៥លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ២៧,០០០នាក់ និងអ្នកជាសះស្បើយជាង ១.៤លាននាក់​ គិតត្រឹម​រហូតមកទល់ពេលនេះ។

ដោយឡែក​ មានតែប្រមាណ ៦ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប ១១០លាននាក់របស់ប្រទេសហ្វីលីពីន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ។ ខណៈរដ្ឋាភិបាលហ្វីលីពីន​ មានគោលបំណងចាក់វ៉ាក់សាំងពេញលេញ ជូនដល់ប្រជាជនប្រមាណ ៧០លាននាក់នៅមុនដំណាច់ឆ្នាំ២០២១នេះផងដែរ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print