អភិបាលខេត្តព្រះសីហនុ៖ ចេញបញ្ជាឱ្យអភិបាលក្រុង-ស្រុក ត្រូវ​ចាត់វិធានការដាច់ខាតចំពោះការប្រមូលផ្តុំ ជួបជុំគ្នាផឹកស៊ី នៅតាមភោជនីយដ្ឋាន ខារ៉ាអូខេ បារ និងរង្គសាល

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចេញបទបញ្ជាដល់អភិបាលក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។

បើ​តាមប្រសាសន៍របស់លោក គួច ចំរើន បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ ចាប់ពីម៉ោងនេះតទៅ ចំពោះ​ករណី​រកឃើញ​ខាងលើនេះ​ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងឡើយ។

​រដ្ឋបាលខេត្ត​ បានគូសបញ្ជាក់បន្ថែមថា៖​ ចំពោះតូបលក់អាហារ អាហារដ្ឋាន និងភោជនីយដ្ឋាន អនុញ្ញាតបានសម្រាប់តែការលក់ដូរដោយវេចខ្ចប់ប៉ុណ្ណោះ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល។

ជាមួយគ្នានេះ​ នារសៀលថ្ងៃដដែលនោះ លោក គួច ចំរើន បានអញ្ជើញចុះពិនិត្យ​ អគារត្រៀមសម្រាប់ពលករដែលវិលត្រលប់មកពីប្រទេសជិតខាងសម្រាប់ធ្វើចត្តាឡីស័ក ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងលោកស្នងការរងនគរបាលខេត្ត។

អាគារសម្រាប់ទទួលពលករខ្មែរធ្វើចត្តាឡីស័កនេះ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានចំនួនពីរអគារ ដោយអគារទី១.សម្រាប់ទទួលពលករស្នាក់នៅ និងធ្វើចត្តាឡីស័ក។ អគារទី២. សម្រាប់ព្យាបាលពលករ ដែលក្រុមគ្រូពេទ្យរកឃើញមានវិជ្ជមានកូវីដ-១៩ ហើយអគារទាំងពីរនេះអាចឱ្យពលករស្នាក់នៅបានចំនួន ៨០នាក់។

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អគារទាំងពីរនេះ រដ្ឋបាលខេត្តបានត្រៀមរៀបចំទទួលពលករចំណាកស្រុកដែលវិលមកពីប្រទេសជិតខាង ដើម្បីធ្វើចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលអ្នកមានវិជ្ជមានកូវីដ-១៩ ។

បន្ថែម​ពី​នេះ​ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យក្រុមគ្រូពេទ្យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់តាមដានជាប្រចាំ ពិសេសរកវីរុសបំលែងថ្មី(Delta) ដែលមានប្រភពមកពីប្រទេសឥណ្ឌា។ ​ក្នុង​នោះ​ លោក​ គួច​ ចំរើន​ បានជូនពរដល់ក្រុមគ្រូពេទ្យ និងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ឱ្យបំពេញការងារទទួលបានជោគជ័យ និងជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print