រដ្ឋាភិបាល​កម្ពុជា៖​ សម្រេច​ផ្អាកនាំចូលសាច់បង្កកពីបរទេសជាលេីទី២បណ្តោះអាសន្ន ក្រោយរកឃើញវីរុសកូវីដ-១៩​ នៅលើសាច់ក្របីបង្កកចំនួន​ ៣កុងទឺន័រ

ចែករំលែក៖

ភ្នំពេញ៖​ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា​ បានរកឃើញមេរោគកូវីដ-១៩ នៅលើសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន​ ៣កុងទឺន័រ​នាពេលថ្មីៗនេះ​។ រដ្ឋាភិបាលកម្ពុជា​ បានសម្រេចផ្អាកការនាំចូលសាច់បង្កកពីក្រៅប្រទេសបណ្តោះអាសន្ន ពីប្រទេសដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង។

បើ​តាមការបញ្ជាក់ពី​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ វេង សាខុន កាលពីរសៀលថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១នេះ​ បានមានប្រសាសន៍ថា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្អាកបណ្តោះអាសន្ន ការនាំចូលសាច់បង្កកទាំងអស់ពីបរទេស ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម​ បានថ្លែង​បន្តថា​ ការសម្រេចផ្អាកនាំចូលសាច់បង្កក គឺធ្វើឡើងបន្ទាប់លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើលិខិតគោរពជូនសម្តេចនាយករដ្ឋមន្រ្តីដើម្បីសុំការអនុញ្ញាតផ្អាកនាំចូលសាច់បង្កកពីបរទេស។

ពាក់ព័ន្ធនិងករណីខាងលើនេះដែរ តាមរយៈផេករបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដាកន្លងទៅ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា​ បានអះអាងថា សាច់ក្របីនេះត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀតសាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណា បង្ហាញថាវីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារនិងចំណីអាហារ ក្នុងរយៈពេលជិត ៣ខែនោះទេ។

បន្ទាប់ពី​អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា បានត្រួតពិនិត្យ និងរកឃើញសាច់បង្កកដែលនាំចូលពីប្រទេសឥណ្ឌាមានផ្ទុកមេរោគកូវីដ-១៩ នៅព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ មន្ត្រី​ជំនាញ​ក៏បានធ្វើពិធីដុតកម្ទេចចោលនៅឯស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺផងដែរ។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ អាជីវករលក់សាច់ចម្រុះ នៅផ្សារតាំងកសាង ស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកស្រី ប៉ាក សារ៉េម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ បាននិយាយថា​ ប៉ុន្មានថ្ងៃចុងក្រោយនេះ ការលក់មានការថយចុះ ដោយសារមិនសូវមានអ្នកដើរច្រើន។ អ្នកស្រីឲ្យដឹងទៀតថា បន្ទាប់ពីផ្ទុះព័តមានរកឃើញវីរុសក្នុងសាច់បង្កកពីការនាំចូល ក៏ជះឥទ្ធិពលខ្លះដែរដល់អាជីវកម្មអ្នកស្រីផងដែរ​ខណ:ការលក់របស់អ្នកស្រីសុទ្ធសឹងជាផលិតផលក្នុងស្រុកទាំងអស់ដូចជាមាន់និងទាយកពីកសិដ្ឋានបណ្តាខេត្ត​ គ្រឿងសមុទ្រមកពីខេត្តកោះកុង​ និងសាច់គោមកពីក្បែរផ្ទះអ្នកស្រីស្ថិតនៅពោធិ៍ចិនតុងដែលគេកាប់លក់ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ​លោក ភិន សុផល ជាប្រជាពលរដ្ឋរស់នៅក្បែរផ្សារតាំងកសាង​ ក៏បានលើកឡើងដែរថា ការទិញម្ហូបអាហារសព្វថ្ងៃនេះ មិនសូវជាព្រួយបារម្ភណាស់ណាទេ ដោយសារមិនសូវចេញក្រៅ និងម្យ៉ាងវិញទៀត រាល់ម្ហូបអាហារដែលទទួលទានសព្វថ្ងៃនេះ ទាល់តែស្គាល់ និងដឹងប្រភពច្បាស់លាស់ ទើបសម្រេចហ៊ានទិញ។

គួរបញ្ជាក់ថា​ នេះជាលើកទីពីរហើយ ដែលកម្ពុជា បានសម្រេច​ផ្អាកបណ្តោះអាសន្ននូវការនាំចូលសាច់បង្កក និងផលិតបង្កកផ្សេងទៀត ពីប្រទេសឥណ្ឌា។ ខណៈលើកទី១ បានធ្វើឡើងនៅដើមខែឧសភា បន្ទាប់ពីប្រទេសឥណ្ឌា​ មានករណីឆ្លងជំងឹកូវីដ-១៩ខ្លាំង៕ដោយ​៖សហការី​

...

រូបភាព​៖អាជីវករ​លក់សាច់ចម្រុះនៅផ្សារតាំងកសាង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print