នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ាបានទៅដល់ប្រទេសអាហ្សង់ទីន ក្រោយពេលលោកបានបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់គុយបា។ លោកអូបាម៉ាទទួលបានការស្វាគមន៍ពីរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីននៅក្នុងអាកាសយានដ្ឋាន ទីក្រុង Buenos Aires។
សារព័ត៌មានអាហ្សង់ទីនបានផ្សាយថា មានសន្តិសុខប្រមាណ៣ពាន់នាក់ក្នុងនោះមាន ក្រុមចារកម្មសន្តិសុខអាមេរិកជាច្រើនរូបដាក់ពង្រាយការពារសន្តិសុខដល់ប្រធានាធិបតិអូបាម៉ាក្រោយពេលដែលមានការវាយប្រហារនៅក្នុងប្រទេសប៊ែលហ្ស៊ិក។
នៅទីតាំងវិមានប្រធានាធិបតីអាហ្សង់ទីន និងស្ថានទូតអាមេរិកជាកន្លែងដែលប្រធានាធបតីអូបាម៉ាត្រូវទៅទីនោះ បានធ្វើការយាមកាមយ៉ាងតឹងតែង ។
ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ាទៅកាន់អាមេរិកខាងត្បូង ត្រូវបានក្រុមអ្នកវិភាគវាយតម្លៃថា ជាការចាប់ផ្តើមសម្រាប់ទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិកក្រោយរយៈ១៩ឆ្នាំកន្លងមក។
ពាណិជ្ជកម្មរវាងអាមេរិកនិងអាហ្សង់ទីនមាន៨,៤៩ពាន់លានដុល្លារនៅក្នុងឆ្នាំ២០០៥ កើនឡើងដល់១១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៥។ តាមរយៈនៃដំណើរទស្សនកិច្ចនេះ ពាណិជ្ជកម្មប្រទេសទាំងពីរនឹងកើនឡើងថែមទៀតនៅឆ្នាំ២០១៦នេះ៕