ក្រសួងទទួលបន្ទុកកិច្ចការសន្តិភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសរបាយការណ៍ស្តីពីការស្លាប់ពលរដ្ឋស្លូតត្រង់ក្នុងរយៈពេល៤ខែកន្លងមកដោយសារតែការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនិឹងក្រុមទាហានតាលីបង់។ តាមរបាយការណ៍ ក្រុមតាលីបង់ បានបើកការវាយប្រហារ ២២.០០០លើកទៅលើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៤ខែកន្លងមក បង្ខំឲ្យពលរដ្ឋរាប់រយពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែងរកកន្លែងមានសុវត្ថិភាព។ ការប្រកាសខាងលើ គឺក្រោយរយៈពេល១ថ្ងៃដែលក្រុមយុវជននៅក្នុងខេត្ត Kandahar ដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការបាញ់ប្រហារគ្នានៅក្នុងខេត្តនេះ ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវបោះបង់ចោលផ្ទះសម្បែង។ តាមរបាយការណ៍ដដែលបញ្ជាក់ថា មានពលរដ្ឋអាហ្វហ្គានិីស្ថានសរុប៥.៥៨៧នាក់ស្លាប់និងរងរបួស ដោយសារតែការវាយប្រហារអត្តឃាត៩៣លើក វាយប្រហារដោយរ៉ុក្កែត៦៥០លើក បំផ្ទុះគ្រាប់មីន១.៦៧៥លើក និងការធ្វើឃាត៨៤៤ករណីបង្កឡើងដោយក្រុមតាលីបង់។ ចំណែកក្រុមតាលីបង់ ២៤.៦០៩នាក់ស្លាប់និងរបួសក្នុងពេលកម្លាំងទាហានអាហ្វហ្គានីស្ថានវាយបកទៅលើក្រុមតាលីបង់។ នៅក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា នៅពេលដែលកម្លាំងទាហានអាមេរិកដកខ្លួនចេញពីអាហ្វហ្គានីស្ថាន និឹងធ្វើឲ្យក្រុមតាលីបង់មានឱកាសវាយប្រហារ ដណ្តើមទីតាំងគ្រប់គ្រងជាច្រើននៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ។ កម្លាំងទាហានតាលីបង់បានបង្ខំឲ្យសាលារៀន៦២១កន្លែងនៅទូទាំងប្រទេសត្រូវបិទទ្វារ ធ្វើឲ្យសិស្សសាលាជាង៤២% មិនបានទៅសាលារៀន៕ដោយ៖ធីរីណា
រូបថត៖REUTERS.