ខេត្តឧត្តរមានជ័យ៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីសម្រេច ការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ និងបិទខ្ទប់ទីតាំងចំនួន ០៤កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១២៥ ករណីបន្ថែមទៀត នៅថ្ងៃទី២៩ ខែកក្កដាម្សិលមិញនេះ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព អាជ្ញាធរសូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»។
គួរបញ្ជាក់ថា ដោយគិតត្រឹមម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៤.៦៩០ ករណីហេីយ។ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៣៦២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣២៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៧៧៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩០៩ នាក់ និងស្លាប់ចំនួន ០៨នាក់៕ដោយ៖សហការី