ភ្នំពេញ, ទាំងកណ្ដាលយប់អាធ្រាត ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្ស០៨នាក់ ស្រី០១នាក់ ! ប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ។ នេះបើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់រំលងអធ្រាត្រ បានបញ្ជាក់ឲ្យដឹងមុននេះបន្តិច។
សូមបញ្ជាក់ថា, អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា, កងរាជអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនមនុស្សជួបជុំពិសារគ្រឿងស្រវឹងចំនួន ០៨នាក់ ស្រី០១នាក់ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ដែលធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអរគុណ កំលាំងល្បាតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ មានការយកចិត្តទុកដាក់បំផុតក្នុងការ អនុវត្តតាមតួនាទីភារកិច្ច នៃវិធានការរដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុង ១៤ថ្ងៃ មិនអាចធ្វើចរាចរណ៍ចាប់ពីម៉ោង៩និង០០នាទី យប់រហូតដល់ម៉ោង ៣ ភ្លឺ ដល់ថ្ងៃ១២ ខែសីហា ឆ្នាំ២០២១៕
ដោយ, សិលា