ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលមានម្ចាស់ជាមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ ហើយទីតាំងនេះគឺជាកន្លែងដែលងាយស្រួលធ្វើសកម្មភាពចែកចាយគ្រឿងញៀន ជាលទ្ធផល ឃាត់ខ្លួនជនង្ស័យជាង១០នាក់ បញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនភ្លាមៗផងដែរ ប៉ុន្តែសមត្ថកិច្ចមិនបានដកហូតយកទូរហ្គេមបាញ់ត្រីចំនួន២ទូរនោះទេ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដែលសង្ស័យករណីគ្រឿងញៀនខាងលើនេះ បានធ្វេីឡេីងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៩ តាមបណ្តោយផ្លូវ៦០៨ ក្បែររង្វង់មូលទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះមកសហការករណីគ្រឿងញៀនខាងលើនេះ បានឲ្យដឹងថា បន្ទាប់ពីទទួលដំណឹងថា ក្រុមជនសង្ស័យដែលចែកចាយគ្រឿងញៀន ហេីយជាមុខសញ្ញាយ៉ាងសកម្ម នៅប្លុកបឹងកក់ ម្ដុំផ្លូវរទេះភ្លើង បានមកលាក់បំពួននៅក្នុងទីតាំងហ្គេមបាញ់ត្រីនេះ ទេីបកម្លាំងសមត្ថកិច្ចជំនាញបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ស្រាប់តែឃើញក្រុមជនសង្ស័យជាង១០នាក់ និងដកហូតវត្ថុតាំងមួយចំនួនជាក់ស្តែងផងដែរ ។
ក្រោយកេីតហេតុជនសង្ស័យទាំងអស់នោះ រួមនិងវត្ថុតាំងមួយចំនួនត្រូវបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដេីម្បី ឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំនំុរឿងចាត់ការតាមនិតិវិធី ៕
ដោយ៖ ស ដារ៉ា