ពលរដ្ឋ​មួយ​ចំនួន​ ព្រោះចង់បានប័ណ្ណបើកបរមិនចង់ប្រឡង​ បន្តចាញ់បោកបុគ្គលបន្លំធ្វើជាមន្ត្រីក្រសួងសាធារណការជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួន​ នៅតែបន្ត​ចាញ់បោកជនកំហូចដែលបន្លំខ្លួនធ្វើជាមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាបន្តបន្ទាប់​ ព្រោះតែពួកគាត់ចង់បានប័ណ្ណបើកបរដោយមិនឆ្លងកាត់ការប្រឡងនោះ។

​បើ​តាមប្រជាពលរដ្ឋរងការចាញ់បោកបុគ្គលប្រើប្រាស់ហ្វេសប៊ុកមានគណនីឈ្មោះ «ភក្ត្រា សាធារណការ និងដឹកជញ្ជូន» ដូចគ្នា​ បានឱ្យដឹងថា​ កាលពីខែមីនា ឆ្នាំ២០២១កន្លងទៅនេះ​ មានសេចក្តីរាយការណ៍រឿងឆបោកនេះមួយករណីពីប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។ លុះនៅថ្ងៃទី៣១ ខែកក្កដា​ ឆ្នាំ​២០២១នេះដែរ​ ក៏ទទួលបានករណីឆបោកដូចគ្នានេះមួយករណីទៀត ពីប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ។

ពលរដ្ឋរងគ្រោះ​ បន្ត​ថា​ បុគ្គលឆបោករូបនេះ បានអះអាងថា រូបគេអាចធ្វើប័ណ្ណបើកបររថយន្តដោយមិនចាំបាច់ឆ្លងការប្រឡងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ។​ ដើម្បីទទួលបានប័ណ្ណបើកបរដោយមិនបាច់ប្រឡងនេះ គឺត្រូវចំណាយថវិកាប្រមាណ ៥០០ដុល្លារ។ វិធីនៃការឆបោកនេះ គឺជនឆបោកបានល្បួងឱ្យអ្នកចង់ធ្វើប័ណ្ណបើកបរនេះផ្ញើឯកសារពាក់ព័ន្ធ បន្ទាប់មកក៏ណែនាំឱ្យផ្ញើលុយតាមវីងជាពីរដំណាក់។

សូមជម្រាបថា​ ករណីទី១, ជនឆបោក បានឱ្យជនរងគ្រោះ​ ផ្ញើលុយទៅតាមលេខទូរស័ព្ទ 096 64 202 52។ ចំណែក​ករណីទី២, ជនឆបោក បានឱ្យជនរងការចាញ់បោក ផ្ញើលុយទៅតាមលេខទូរស័ព្ទ 081 336 609។​ ជាក់ស្ដែង​ចំពោះ​ទង្វើឆបោករបស់ជនខិលខូចរឿងធ្វើប័ណ្ណបើកបរដោយមិនបាច់ប្រឡងនេះ មិនមែនមានតែពីរករណីខាងលើនេះទេ។ ព្រោះ​កន្លងទៅក៏មានសេចក្តីរាយការណ៍ក្រោមរូបភាពបែបនេះជាច្រើនករណីផងដែរ។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក​ ស៊ុន ចាន់ថុល​ ក្រោយពេលមកដឹកនាំក្រសួងនេះ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលុបបំបាត់ភាពស្មុគស្មាញលើសេវាធ្វើប័ណ្ណបើកបរ ក៏ដូចជាលុបបំបាត់អំពើពុករលួយលើការធ្វើប័ណ្ណបើកបរ ដែលជាបញ្ហាចាក់ស្រេះនៅក្នុងក្រសួង។​ បន្ថែម​ពី​នេះ​លោកទេសរដ្ឋមន្ត្រី ធ្លាប់បានអះអាងថា មិនមានការធ្វើប័ណ្ណបើកបរណាមួយដោយគ្មានការប្រឡងនោះឡើយ។ លោកក៏ធ្លាប់បានព្រមានចាត់វិធានការតាមច្បាប់ចំពោះមន្ត្រី ដែលគប់គិតប្រព្រឹត្តអំពើពុករលួយលើការធ្វើប័ណ្ណបើកបរនេះផងដែរ។

បើ​តាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ ធ្លាប់អះអាងកន្លងមកដែរថា ក្រសួងបានទទួលករណីបែបនេះជាច្រើនករណី ហើយកំពុងចាត់វិធានការស្វែងរកជនឆបោកនេះផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណការ​រូប​នេះ​ បានបញ្ជាក់បន្ថែមទៀតថា​៖ ជនខិលខូចនេះ តែងតែងព្យាយាមបង្កើតគណនីហ្វេសប៊ុកផ្សេងៗ ដើម្បីធ្វើសកម្មភាពឆបោក ជាហេតុនាំឱ្យពិបាកតាមរកជនឆបោកនេះមកផ្តន្ទាទោស។

មិនតែប៉ុណ្ណោះ​ លោក ហ៊ាង​ សុទ្ធាយុត្តិ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យគិតគូរ និងពិចារណាឱ្យច្បាស់លាស់មុនលង់ជឿលើការលួងលោមពីជនខិលខូចបែបនេះ។ លោកបានបញ្ជាក់ថា ក្រសួងមិនអនុញ្ញាឱ្យមានការធ្វើប័ណ្ណបើកបរដោយគ្មានការប្រឡងឱ្យបានត្រឹមត្រូវនោះឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print