ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករចំនួន១០០គីឡូក្រាម ទឹកបរិសុទ្ធឱរ៉ាល់១០កេស សំលៀកបំពាក់សម្ភារៈប្រេីប្រាស់សម្រាប់ម្តាយនិងទារក១ឈុតធំ (២៦មុខ) និងថវិកាចំនួន៥សែនរៀល ទៅប្រគល់ជូនដល់ស្ត្រីឈ្មោះ ចាន់ ពិសី អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ដែលបានឆ្លងទន្លេនៅក្នុងបន្ទប់ជួលតែ២នាក់ប្តីប្រពន្ធ ដោយគ្មានគ្រូពេទ្យ ឬឆ្មប ជួយបង្កើតកូនឡើយ។
នាឱកាសនោះ ក្នុងនាម លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនដល់ប្អូនស្រី ចាន់ ពិសី និងក្រុមគ្រួសារ ព្រមទាំងសូមឲ្យប្អូនស្រីបន្តយកចិត្តទុកដាក់ថែទាំសុខភាព បរិភោគចំណីអាហារណាដែលមានជីវជាតិ និងស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩គឺ ៣ការពារ និង ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកនាយកប្រតិបត្តិសាខា ក៏បានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋយេីង ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
សូមបញ្ជាក់ជូនថា៖ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ត្រីឈ្មោះ ចាន់ ពិសី អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ បានឆ្លងទន្លេកូនស្រី១នាក់នៅក្នុងបន្ទប់ជួលតែ២នាក់ប្តីប្រពន្ធ ដោយគ្មានគ្រូពេទ្យ ឬឆ្មប ជួយបង្កើតកូនឡើយ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៥ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
នៅថ្ងៃកើតហេតុ ស្ត្រីខាងលើបានឈឺពោះឆ្លងទន្លេក្នុងរយៈពេលដ៏ខ្លីខណៈដែលកូននៅក្នុងផ្ទៃមានអាយុត្រឹមតែ៧ខែប៉ុណ្ណោះ។ បន្ទាប់ពីទទួលបាននូវដំណឹងខាងលើនេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ បានចុះដល់ទីតាំងបន្ទប់ជួលរបស់ប្តីប្រពន្ធទាំង២នាក់ខាងលើ និងបានជួយទំនាក់ទំនងហៅក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកច្បារអំពៅ មកទទួលយកពួកគាត់ទៅសម្រាកព្យាបាលបន្តទៀត ៕
ដោយ, សិលា