ភ្នំពេញ, ស្ថិតក្នុងព្រះរាជហឫទ័យ ខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងគោរពដង្ហែតាមព្រះរាជលំអាន ដ៏ឧត្តុង្គ ឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេច ព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ បំផុត ព្រះអង្គ ស្តេច សព្វព្រះរាជហឫទ័យប្រោស ព្រះរាជទាន ព្រះ រាជអំណោយ ដ៏ថ្លៃថ្លាជាម៉ាសុីនថតកាំរស្មីអុិចចល័តដ៏ទំនើប ចំនួន ២គ្រឿង ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ សម្រាប់បម្រើជាឧត្តមប្រយោជន៍ជូនដល់កូនចៅប្រជានុរាស្រ្តរបស់ព្រះអង្គ។ នេះបើយោងតាមការលើផេក Royal du Cambodge បានបង្ហោះនៅវេលាម៉ោង៦និង៥៥នាទីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ មុននេះបន្តិច ៕
ដោយ, សិលា