អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន ១៦០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា។
ជាក់ស្ដែងក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៦៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ១៧,៩២៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៩៣,៣០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៦៦៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៧៣,៧៣២នាក់។
គួរបញ្ជាក់ថា បន្ទាប់ពីករណីឆ្លងខ្ពស់បំផុត បច្ចុប្បន្នអាជ្ញាធរថៃ ក៏បានសម្រេចផ្អាកការធ្វើចរាចរណ៍ តាមផ្លូវអាកាសនៅក្នុងស្រុកផងដែរ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត COVID-19 ដែលជាហេតុបង្កឲ្យអ្នកទេសចរបរទេសនៅកោះ ភូកេត ត្រូវជាប់គាំងនៅទីនោះ ដោយមិនអាចធ្វើដំណើរទៅកន្លែងផ្សេងទៀត តាមគោលដៅបានឡើយ៕ដោយ៖ស តារា