ករណីឆ្លង COVID-19 ជាសហគមន៍​ នៅប្រទេសចិន​ ចាប់ផ្ដើម​ផ្ទុះ​ឡើង​វិញ​,​ខណៈ​ថ្ងៃ​នេះ​ រកឃើញអ្នកឆ្លងថ្មី​ ៨៥នាក់ទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមគណៈកម្មការសុខភាពជាតិចិន (NHC) នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ប្រចាំថ្ងៃស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៥ករណីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៣ករណីប៉ុណ្ណោះជាករណីនាំចូល។

បើតាមទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ​ បានដកស្រង់ចេញផ្សាយពី​គណៈកម្មការសុខភាពជាតិចិន (NHC) បានបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៦២ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៤០ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ០៩ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), ០៣ករណីនៅក្នុងទីក្រុងប៉េកាំង (Beijing), ០៣ករណីនៅក្នុងខេត្តសានទុង (Shandong), ០៣ករណីនៅក្នុងខេត្តហឺណាន (Henan), ០៣ករណីនៅក្នុងខេត្តយូណាន (Yunnan), និង ០១ករណីទៀតនៅក្នុងខេត្តហ៊ូប៉ី (Hubei)។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។

ដោយឡែក ២៣ករណីផ្សេងទៀតជាករណីនាំចូលក្នុងនោះរួមមាន៖ ០៩ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០៨ករណីនៅក្នុងខេត្ត Yunnan, ០៣ករណីនៅក្នុងខេត្តហ៊ូចៀន (Fujian), ០២ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), និង ០១ករណីទៀតនៅក្នុងខេត្ត Shandong។

គួរបញ្ជាក់ថា ប្រទេសចិន​ កន្លងមកនេះ​ បានកំណត់ឲ្យធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំនៅទីក្រុង ណានជីង (Nanjing), វូហាន (Wuhan) និង ម៉ាកាវ (Macau) បន្ទាប់ពីករណីឆ្លងថ្មីៗត្រូវបានរកឃើញនៅទីនោះ។ មិនតែប៉ុណ្ណោះ​ អាជ្ញាធរ​ចិន​ ក៏កំពុងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់វីរុសបំប្លែងថ្មី Delta ផងដែរ។

បច្ចុប្បន្ន​រហូតមកទល់ពេលនេះ ប្រទេសចិន​ ក៏បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,៣៧៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៤៥៣នាក់៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print