ខេត្តកណ្តាល ៖ រថយន្តម៉ាកហ្វតមួយគ្រឿងបើកបរមិនប្រកាន់ស្តាំបណ្តាលឲ្យជ្រុលទៅបុកម៉ូតូបើកបរបញ្ច្រាសទិសគ្នាលើកំណាត់ផ្លូវជាតិលេខ៨ពេញមួយទំហឹង ធ្វើឲ្យបុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក បានគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាលដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រក្នុងរាជធានីភ្នំពេញ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-2212 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះឈ្មោះ យៀម យ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយឈ្មោះ ជឺម ជ ភេទប្រុស អាយុ២២ឆ្នាំ ។ ជនរងគ្រោះមានទីលំនៅក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្តេប ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1Y-3066 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាកសាក្សីបានឃើញរថយន្តបង្កម៉ាកហ្វតបើកបរតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈដល់ចំណុចកើតហេតុបានរេចង្កូតផុតគំនូសពុះចែកទ្រូងផ្លូវចូលទៅបុកម៉ូតូជនរងគ្រោះនៅខាងស្តាំដៃដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូដួលអួសជាច្រើនម៉ែត្រធ្លាក់ចេញពីផ្លូវ ធ្វើឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសយ៉ាងធ្ងន់ធ្ងរដេកដួលនៅកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ