- ខេត្តកំពត៖ យោងតាមប្រភពពីរដ្ឋបាលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើគម្រោងប្លង់គោលនៃការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាទៅលើប្លង់គោល ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សំដៅធ្វើយ៉ាងណាឲ្យដំណើរការនៃការអភិវឌ្ឍតំបន់ទេសចរណ៍ឆ្នេរព្រែកកំពង់កកណ្ដាលនេះបានប្រព្រឹត្តទៅឲ្យបានលឿនឆាប់រហ័ស ផ្អែកលើសោភណភាព លក្ខណៈបច្ចេកទេស និងច្បាប់ដែលអាចទទួលយកបាន ។
លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះគឺជាការចូលរួមប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងការពិនិត្យពិភាក្សា កែតម្រូវទៅលើភាពជាក់ស្ដែងប្លង់គោលនៃគម្រោងកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ឆ្នេរព្រែកកំពង់កណ្ដាលដែលរដ្ឋបាលខេត្តកំពត មានគម្រោងអភិវឌ្ឍន៍យូរមកហើយ។ ដូច្នេះកិច្ចប្រជុំនេះគឺជាការងារសំខាន់ក្នុងការចូលរួមមតិយោបល់ ដោយធ្វើយ៉ាងណាឲ្យដំណើរការគម្រោងនេះសម្រេចបានឆាប់រហ័សដើម្បីដាក់ជូនក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការណ៍ផ្លូវច្បាប់ក្នុងដំណើរការអភិវឌ្ឍគម្រោងនេះ។
លោកអភិបាលខេត្តក៏បានស្នើឲ្យជំនាញ និងអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាសហការគ្នាឲ្យបានល្អ ដើម្បីឱ្យគម្រោងការអភិវឌ្ឍន៍តំបន់ឆ្នេរនេះបានសម្រេចជោគជ័យ សម្រាប់ជាសក្ដានុពលបម្រើសេវាកម្មទេសចរណ៍ខេត្តកំពតបានកាន់តែរីកចម្រើនបន្ថែមទៀត៕
...
ដោយ សិលា