ភ្នំពេញ, នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសារាចរ
ស្តីពី ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមព្រំដែនគោក។
កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ បន្ថែមលើវិធានការបង្ការ, ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងកំពុងអនុវត្តយ៉ាង សកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រគន្លឹះ និងជាខ្សែក្រវាត់ការពារ សំខាន់ជាងគេ ដើម្បីបង្កើតឱ្យមានភាពសុំក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លងប្រក្រតីភាពថ្មី។ ទន្ទឹមនេះ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្ត ទុកដាក់ខ្ពស់ក្នុងការផ្តល់ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងអស់ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលរបស់រដ្ឋទាំងអស់។
ផ្អែកតាមស្ថានភាពវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះ, ការរកឃើញ ក្នុងចំនួនកាន់តែច្រើនឡើងនៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) លើពលករខ្មែរដែល វិលត្រឡប់មកពីប្រទេសថៃ តាមព្រំដែនគោក ព្រមទាំងការធ្លាយចូលក្នុងសហគមន៍ក្នុងពេលថ្មីៗនេះនូវមេរោគ ប្រភេទថ្មីនេះ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ព្រមទាំងខេត្តសៀមរាប, ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ គឺ ជាកង្វល់ដ៏ធំ និងជាការគំរាមកំហែងជាប់ជាប្រចាំដល់ព្រះរាជាណាចក្រកម្ពុជា ដោយសារមេរោគប្រភេទថ្មីនេះ មានកម្រិតនៃការឆ្លងរាលដាលលឿន និងកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមុន។
ចំពោះមុខស្ថានភាពដែលកំពុងវិវត្តយ៉ាងលឿនគួរឱ្យបារម្ភនេះ និងក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ពុំទាន់សម្រេចបានដោយជោគជ័យក្នុងការបង្កើតឱ្យមានពេញលេញនូវ “ភាពស៊ាំក្នុងសហគមន៍ សម្រាប់ ប្រជាជនកម្ពុជានៅទូទាំងប្រទេស ដោយសារយុទ្ធនាការជាតិចាក់វ៉ាក់សាំងពុំទាន់ត្រូវបានបញ្ចប់នៅឡើយ, រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង
រាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស និង វិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្ត សៀមរាប សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបីនិងហាសិបប្រាំបួន នាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ វិធានការទាំងនេះ ត្រូវបាន រំពឹងថានឹងជួយដល់ការគ្រប់គ្រង និងការពន្យាពេលបានមួយកម្រិត នូវការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុង សហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទ Delta។
តាមការរំពឹងទុក បន្ទាប់ពីការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានបញ្ចប់, ពលករខ្មែរ ដែលនឹងវិលត្រឡប់មកពីប្រទេសថៃវិញ នឹងអាចមានការកើនឡើងក្នុងចំនួនដ៏ច្រើន ដែលអាចហួសពីសមត្ថភាព ទទួលយករបស់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងបណ្ដា ខេត្តជាប់នឹងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈដែលមេរោគប្រភេទ Delta ក៏ត្រូវបានបន្តរកឃើញជាបន្តបន្ទាប់ នៅក្នុងចំនួនកាន់តែច្រើនឡើងនៅក្នុងសហគមន៍ ហើយមេរោគនេះ កំពុងតែពង្រីកខ្លួនយ៉ាងលឿនទៅកាន់ តំបន់ផ្សេងទៀត ដែលរហូតមកដល់បច្ចុប្បន្ននេះ មានរាជធានី-ខេត្តចំនួន ១៧ ដែលមានវត្តមានមេរោគ ប្រភេទ Delta ក្នុងសហគមន៍។
ផ្នែកតាមការវិវត្តថ្មីនៃសភាពការណ៍នេះ និងដើម្បីត្រៀមលក្ខណៈទុកជាមុនក្នុងគ្រប់គ្រងមេរោគ ប្រភេទ Delta ពិសេស ករណីនាំចូលពីប្រទេសជិតខាងជាប់ព្រំដែនកម្ពុជា ព្រមទាំងដើម្បីម្ចាស់ការដោះស្រាយ បញ្ហាប្រឈមនានានៅតាមមូលដ្ឋានរាជធានី-ខេត្តនាពេលខាងមុខនេះ ដែលបណ្តាលមកពីការឆ្លងរាលដាល ក្នុងសហគមន៍នៃមរោគប្រភេទ Delta, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់បណ្តារាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដូចខាងក្រោម៖
១. អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក អនុគណៈកម្មការ បច្ចេកទេសនិងព្យាបាល ត្រូវសហការគ្នាជាមួយបណ្តារាជធានី-ខេត្ត ដើម្បីធានាដល់ការគ្រប់គ្រងការធ្វើ ចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសជិតខាងជាប់ ព្រំដែនកម្ពុជា ដោយផ្អែកលើអភិក្រមបត់បែនទៅតាមសភាពការណ៍ជាក់ស្តែងនៃចំនួនប្រជាពលរដ្ឋដែល វិលត្រឡប់ចូលមកកម្ពុជាវិញ និងសមត្ថភាពឆ្លើយតបជាក់ស្តែងនៃមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល នៅតាមបណ្តាខេត្តពាក់ព័ន្ធ ពិសេសបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនេះ អនុគណៈកម្មការគ្រប់គ្រង ច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវដឹកនាំសម្របសម្រួលជាមួយបណ្តារាជធានី-ខេត្តនៅ ផ្ទៃក្នុងប្រទេស និងសហការជាមួយយន្តការដែលមានការពាក់ព័ន្ធ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែល វិលត្រឡប់មកពីប្រទេសជិតខាងវិញពិសេសមកពីប្រទេសថៃទៅតាមរាជធានី-ខេត្តដែលជាមូលដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋទាំងនោះ ដើម្បីធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងធ្វើការព្យាបាលចំពោះអ្នកដែល ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដោយត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយអំពីការគ្រប់គ្រងហានិភ័យ ឱ្យនៅកម្រិតអប្បរមាពាក់ព័ន្ធនឹងការធ្លោយមេរោគប្រភេទ Delta ចូលក្នុងសហគមន៍។
២-បណ្តារាជធានី-ខេត្តនៅផ្ទៃក្នុងប្រទេស ជាពិសេសខេត្តដែលមានពលករចំណាកស្រុកទៅ ប្រទេសថៃច្រើន ត្រូវរៀបចំមណ្ឌលចត្តាឡីស័កនៅតាមភូមិ-ឃុំ និងមណ្ឌលព្យាបាលនៅតាមស្រុក ដែលស្ថិត នៅក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ។ ជាមួយគ្នានេះ បណ្តារាជធានី-ខេត្តនៅផ្ទៃក្នុងប្រទេស ត្រូវចាប់ផ្តើមផ្អាកការទទួលយកការធ្វើចត្តាឡីស័កនៅ
តាមមណ្ឌលចត្តាឡីស័ករបស់ខ្លួនបច្ចុប្បន្ន ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ (មិនមែនប្រភេទ Delta) ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដោយបង្វែរការធ្វើចត្តាឡីស័កនេះទៅធ្វើនៅតាមផ្ទះរៀងៗ ខ្លួន សំដៅធានាឱ្យមណ្ឌលចត្តាឡីស័កទាំងនោះ អាចត្រៀមលក្ខណៈក្នុងការទទួលពលករខ្មែរដែលវិលត្រឡប់ មកពីប្រទេសថៃវិញ ដែលភាគច្រើនជាករណីពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ ប្រភេទ Delta។
៣-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ត្រូវផ្ដល់ការគាំទ្រឱ្យបានពេញទំហឹង តាម គ្រប់មធ្យោបាយ ជាពិសេស ផ្នែកសម្ភារៈ និងថវិកា ដើម្បីជួយដល់បណ្តារាជធានី-ខេត្ត ក្នុងការគ្រប់គ្រង និង ទទួលយកពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ សម្រាប់ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺ កូវីដ-១៩ ព្រមទាំងយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការពាក់ព័ន្ធនឹងជំងឺ កូវីដ-១៩។
ទទួលបានសារាចរនេះ គ្រប់ក្រសួង-ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត និងគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សុខ ខេមរា