ភ្នំពេញ៖ បើយោងតាមប្រភពពី(CAMSOC) បានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថា, កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle បានឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយឈរលេខរៀងទី៩ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នេះ ។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ១៨នាក់នេះ ក៏មិនខុសពីការប្រកួតជម្រុះបឋមដែរ ដោយកីឡាករម្នាក់ៗ ត្រូវធ្វើការប្រកួត ៦ជុំ ដើម្បីសន្សំពិន្ទុ ហើយកីឡាកររកបានពិន្ទុច្រើនជាងគេ ១២នាក់ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ជាលទ្ធផលកីឡាករមានដើមកំណើតពីខេត្តព្រះសីហនុ Jordan Pisey Windle បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ ក្រោយរកបាន ៤០៩.៨០ពិន្ទុ ខណៈកីឡាករចិន Cao Yuan ឈរកំពូលតារាងរកបាន ៥១៣.៧០ពិន្ទុ ។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ នឹងធ្វើឡើងនាវេលាម៉ោង ១រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅមជ្ឈមណ្ឌលហែលទឹក Tokyo Aquatics Center ។ សូមជូនពរកីឡាករមានឈាមជ័រជាជនជាតិខ្មែរ Jordan Pisey Windle សូមជួបតែសំណាងល្អ និងទទួលបានលទ្ធផលល្អក្នុងការប្រកួតវគ្គដ៏សំខាន់នេះ៕
ដោយ, សិលា