ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសំដែងការគួរសមជាមួយប្រតិភូនឹងអ្នកជំនាញទេសចរណ៍ឥណ្ឌា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។
ជំនួបពិភាក្សាប្រតិភូនឹងអ្នកជំនាញទេសចរឥណ្ឌាបានចាប់អារម្មណ៍ទៅលើការបង្កើត Resort ឬ រមណីយដ្ឋានទេសចរណ៍ បែបរមណីយដ្ឋានកែច្នៃ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។
ក្នុងផែនការដែលអ្នកវិនិយោគឥណ្ឌា ចង់បង្កើតរមណីយដ្ឋានបែបកែច្នៃរួមមាន សួនច្បារកម្សាន្ត កន្លែងងូតទឹក កន្លែងទស្សនាទេសភាព សេវាកម្មសណ្ឋាគារ ការស្នាក់នៅបែបអន្តរជាតិដ៏ល្អប្រណិត កន្លែងលេងកីឡាទេសចរណ៍ ជិះទូក ជាពិសេស បង្កើតនូវមជ្ឈមណ្ឌល Dream Land ជាដើម។
ប្រតិភូនឹងអ្នកជំនាញឥណ្ឌាក៏បានចាប់អារម្មណ៍ច្រើនពាក់ព័ន្ធទៅនឹងតំបន់សក្តានុពលវប្បធម៌ធម្មជាតិនៃវិស័យទេសចរណ៍ និងស្ថេរភាពនយោបាយ សុខសន្តិភាពរបស់កម្ពុជា ពិសេសឱកាសនៃការវិនិយោគលើវិស័យទេសចរណ៍ ដោយសារកម្ពុជាមានការកើនឡើងខ្លាំងនៃកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅកម្ពុជា។
ក្រោមការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា សក្តានុពលវិនិយោគដែលស្ថិតនៅតំបន់អង្គរ ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាគោលដៅដ៏មានភាពទាក់ទាញបំផុត ក្នុងការស្រូបយកទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖សុខ ខេមរា