ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបនៅក្នងផ្ទះសំណាក់ និងកន្លែងចែកចាយ ប្រើប្រាស់គ្រឿងញៀន ២ទីតាំងផ្សេងគ្នាដោយឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងប្រើប្រាសគ្រឿងញៀនសរុបចំនួន៣៤នាក់ ហើយនិងម្ចាស់ផ្ទះសំណាក់និងអ្នកមើលការខុសត្រូវ២នាក់ទៀត រួមនិងវត្ថុតាងថ្នាំញៀនជិតកន្លះគីឡូក្រាម។
ការចុះបង្ក្រាបទីតាំងទី១ធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ខាងក្រោយផ្ទះសំណាក់ស្រែលាភ ជាប់ផ្លូវរទះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រី៥នាក់ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក៤២កញ្ចប់តូច និងវត្ថុតាងប្រើប្រាស់មួយចំនួន។
ទីតាំងទី២នៅម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា នៅចំណុចផ្ទះសំណាក់ផ្កាយ៩ តាមបណ្តោយផ្លូវលេខ៨១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីប្រើប្រាស់ និងចែកចាយ១៩នាក់ ម្ចាស់ផ្ទះនិងអ្នកមើលការខុសត្រូវ២នាក់ ដកហូតថ្នាំញៀនជាច្រើនកញ្ចប់តូចធំ រួមនិងវត្ថុតាងប្រើប្រាស់មួយចំនួន។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំង២កន្លែងខាងលើនេះ គឺកម្លាំងបានធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ និងយ៉ាងម៉ត់ចត់ ទើបឈានដល់ការចុះបង្ក្រាបជាក់ស្តែងតែម្តង។
ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ព្រែកជ័យ