​ស្ត្រី​ម្នាក់ ដែល​ប្រើ​រូបភាពក្លែងបន្លំ​ស្នាម​មេដៃ ឆបោក​ប្រាក់​​ជាង ៣លាន​ដុល្លារ​ ត្រូវ​ចៅក្រម​រាជធានីភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​

ចែករំលែក៖

ភ្នំពេញ៖​ ​សំណុំរឿង​ស្ត្រី​ម្នាក់ ដែល​ប្រើ​រូបភាពក្លែងបន្លំ​ស្នាម​មេដៃ ឆបោក​ប្រាក់​​បងធម៌​ជាង ៣លាន​ដុល្លារ​ ត្រូវ​ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ​​ នៅ​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១​សម្រេច​ឃុំ​ខ្លួន​ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពី បទ​ឆបោក​ទឹកប្រាក់ប្រមាណ​ជាង ៣លាន​ដុល្លារ​អាមេរិក។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​ខណ្ឌដូនពេញ​ បានឱ្យដឹងថា​ ស្ត្រី​ជាប់ចោទឈ្មោះ ហេង ស្រីនាត អាយុ ២៧ឆ្នាំ មាន​លំនៅ ផ្ទះ​លេខ​៩២ ផ្លូវ​លេខ​១៥ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ ចាប់ឃាត់ខ្លួនបញ្ជូន​មកកាន់ សាលាដំបូងរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១​ពាក់ព័ន្ធ​ពីបទ ឆបោក​ប្រាក់ និង​ក្លែងបន្លំស្នាម​មេដៃដែលជា​បទល្មើស​ព្រហ្មទណ្ឌ​។​

គួរជម្រាបថា​ ឈ្មោះ ហេង ស្រីនាត កាលពី​អំឡុង ឆ្នាំ​២០១៨ បាន​ស្គាល់ និង​រាប់អាន​មនុស្ស ២នាក់ ក្នុងនោះ មាន​បងស្រី​ម្នាក់​ជា​អ្នកមានទ្រព្យ​ស្តុកស្តម្ភក៏សុំ​ធ្វើជា​បងធម៌​។ លុះនៅក្នុង​ឆ្នាំ២០១៩ ជនសង្ស័យ ហេង ស្រីនាត បាន​បបួល​បងធម៌ទាំង ២នាក់ ចូល​ហ៊ុន​គ្នា ដើម្បី​រកស៊ី​នាំចូល​គ្រឿង​សមុទ្រ និង​ផ្លែឈើ មក​លក់​បោះ​ដុំ​លើ​ទីផ្សារ ដោយ​ត្រូវចំណាយដើមទុន សរុប​ប្រមាណ​ជិត ៤ លាន​ដុល្លារ ។ ក្នុងនោះបងធម៌​ទី​១ ចេញ​ចំនួន ៣.៥៤៨.៤២២ ដុល្លារ​អាមេរិក​។ ចំណែក​បងធម៌​ទី​២ បានចេញ​ចំនួន ៣៥.០០០ ដុល្លារ​អាមេរិក​។

​ប៉ុន្តែ​នៅពេល​ចាប់ផ្តើម បើកមុខ​របរការងារ​រកស៊ី ជនសង្ស័យ​ឈ្មោះ ហេង ស៊ី​នាត តែងតែ​លាក់លៀម មិនសូវ​ឱ្យ​បងធម៌របស់ខ្លួនទាំង ២នាក់ដែលជា​ម្ចាស់ទុន ស្គាល់​អតិថិជន និង​បញ្ជីស្នាម លុយកាក់​ទេ​។ ក្រោយមក នៅក្នុង​ឆ្នាំ​២០២០ បងស្រី​ធម៌​ម្នាក់ ចង់​ទិញ​ផ្ទះមួយកន្លែង​ទៀត បាន​ពឹង​ឲ្យ​ឈ្មោះ ហេង ស៊ី​នាត ណែនាំ​ទិញ​ផ្ទះ នៅ​បុរី​សម្បត្តិមាន​ហេង៣ គំរោង​ទី​២ ផ្ទះ​លេខ​១០៤ ផ្លូវ​បេតុង ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ តម្លៃ ១៦៤.០០០ ដុល្លារ​អាមេរិក​។​

​ដោយ​ការជឿទុកចិត្ត លើ​ប្អូនធម៌ ទើប​ព្រមព្រៀងគ្នា កក់​ប្រាក់​មុន ចំនួន ១១.២៧៥ ដុល្លារ​អាមេរិក តាមរយៈ​លិខិត ប្រគល់​-​ទទួល​ថ្លៃ​ផ្ទះ ដោយមាន​ស្នាម​មេដៃ អ្នកលក់​ឈ្មោះ សុខ ហ៊ា និង​សាក្សី ឈ្មោះ វ៉ា ប៊ុ​នី ជា​ម្ដាយ​របស់ ហេង ស្រីនាត ជនសង្ស័យ​។​

​លុះ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២១ ស្រាប់​តែមាន​ហ្វេ​ស​ប៊ុ​ក ឈ្មោះ SOK HENG 2 បាន​បង្ហោះ​លិខិត ប្រគល់​ទទួល​ប្រាក់​កក់​ថ្លៃ​ផ្ទះ ចុះ​ថ្ងៃទី​២៨ ខែ​កក្ដ​ដា ឆ្នាំ​២០២១ ដោយ​ភ្ជាប់​ខ្លឹមសារ​ថា ” ឯកសារ​ប្រគល់​ទទួល​ថ្លៃ​ទិញ​លក់​ផ្ទះ មិនមែនជារ​បស់បង​ធម៌ ស្រី​ទេ ខ្លួន​មិន​ស្គាល់​បងធម៌ និង​ឈ្មោះ វ៉ា ប៊ុ​នី នោះដែរ ហើយ​អ្នក​ក្លែងបន្លំ នឹងត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ ” ។

​ក្រោយពេល​ឃើញ​ហ្វេ​ស​ប៊ុ​ក បង្ហោះ​យ៉ាង​ដូច្នោះ បងស្រី​ធម៌ របស់​ជនសង្ស័យ បាន​ទំនាក់ទំនង ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ ទើប​ដឹងថា ស្នាម​មេដៃ​អ្នកលក់​ផ្ទះ ឈ្មោះ សុច ហ៊ា និង​ស្នាម​មេដៃ ឈ្មោះ វ៉ា ប៊ុ​នី នៅលើ​លិខិត​ប្រគល់ ទទួល​ប្រាក់ ដែល​ឈ្មោះ ហេង ស្រីនាត ប្រគល់​ឲ្យ​ជា​ស្នាម​មេដៃ ក្លែងក្លាយ ទើប​បងស្រី​ធម៌ ភ្ញាក់ខ្លួន ដឹង​ពី​ចាញ់កល​ល្បិច ឆបោក​របស់​ប្អូនធម៌ ក៏បាន​ដាក់ពាក្យបណ្តឹងទៅ​សមត្ថកិច្ចឱ្យជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជន​ឆបោកខាងលើនេះ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print