ភ្នំពេញ៖ សំណុំរឿងស្ត្រីម្នាក់ ដែលប្រើរូបភាពក្លែងបន្លំស្នាមមេដៃ ឆបោកប្រាក់បងធម៌ជាង ៣លានដុល្លារ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពី បទឆបោកទឹកប្រាក់ប្រមាណជាង ៣លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់នគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា ស្ត្រីជាប់ចោទឈ្មោះ ហេង ស្រីនាត អាយុ ២៧ឆ្នាំ មានលំនៅ ផ្ទះលេខ៩២ ផ្លូវលេខ១៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ពាក់ព័ន្ធពីបទ ឆបោកប្រាក់ និងក្លែងបន្លំស្នាមមេដៃដែលជាបទល្មើសព្រហ្មទណ្ឌ។
គួរជម្រាបថា ឈ្មោះ ហេង ស្រីនាត កាលពីអំឡុង ឆ្នាំ២០១៨ បានស្គាល់ និងរាប់អានមនុស្ស ២នាក់ ក្នុងនោះ មានបងស្រីម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភក៏សុំធ្វើជាបងធម៌។ លុះនៅក្នុងឆ្នាំ២០១៩ ជនសង្ស័យ ហេង ស្រីនាត បានបបួលបងធម៌ទាំង ២នាក់ ចូលហ៊ុនគ្នា ដើម្បីរកស៊ីនាំចូលគ្រឿងសមុទ្រ និងផ្លែឈើ មកលក់បោះដុំលើទីផ្សារ ដោយត្រូវចំណាយដើមទុន សរុបប្រមាណជិត ៤ លានដុល្លារ ។ ក្នុងនោះបងធម៌ទី១ ចេញចំនួន ៣.៥៤៨.៤២២ ដុល្លារអាមេរិក។ ចំណែកបងធម៌ទី២ បានចេញចំនួន ៣៥.០០០ ដុល្លារអាមេរិក។
ប៉ុន្តែនៅពេលចាប់ផ្តើម បើកមុខរបរការងាររកស៊ី ជនសង្ស័យឈ្មោះ ហេង ស៊ីនាត តែងតែលាក់លៀម មិនសូវឱ្យបងធម៌របស់ខ្លួនទាំង ២នាក់ដែលជាម្ចាស់ទុន ស្គាល់អតិថិជន និងបញ្ជីស្នាម លុយកាក់ទេ។ ក្រោយមក នៅក្នុងឆ្នាំ២០២០ បងស្រីធម៌ម្នាក់ ចង់ទិញផ្ទះមួយកន្លែងទៀត បានពឹងឲ្យឈ្មោះ ហេង ស៊ីនាត ណែនាំទិញផ្ទះ នៅបុរីសម្បត្តិមានហេង៣ គំរោងទី២ ផ្ទះលេខ១០៤ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តម្លៃ ១៦៤.០០០ ដុល្លារអាមេរិក។
ដោយការជឿទុកចិត្ត លើប្អូនធម៌ ទើបព្រមព្រៀងគ្នា កក់ប្រាក់មុន ចំនួន ១១.២៧៥ ដុល្លារអាមេរិក តាមរយៈលិខិត ប្រគល់-ទទួលថ្លៃផ្ទះ ដោយមានស្នាមមេដៃ អ្នកលក់ឈ្មោះ សុខ ហ៊ា និងសាក្សី ឈ្មោះ វ៉ា ប៊ុនី ជាម្ដាយរបស់ ហេង ស្រីនាត ជនសង្ស័យ។
លុះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ស្រាប់តែមានហ្វេសប៊ុក ឈ្មោះ SOK HENG 2 បានបង្ហោះលិខិត ប្រគល់ទទួលប្រាក់កក់ថ្លៃផ្ទះ ចុះថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២១ ដោយភ្ជាប់ខ្លឹមសារថា ” ឯកសារប្រគល់ទទួលថ្លៃទិញលក់ផ្ទះ មិនមែនជារបស់បងធម៌ ស្រីទេ ខ្លួនមិនស្គាល់បងធម៌ និងឈ្មោះ វ៉ា ប៊ុនី នោះដែរ ហើយអ្នកក្លែងបន្លំ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ” ។
ក្រោយពេលឃើញហ្វេសប៊ុក បង្ហោះយ៉ាងដូច្នោះ បងស្រីធម៌ របស់ជនសង្ស័យ បានទំនាក់ទំនង ទៅម្ចាស់គណនីហ្វេសប៊ុកនោះ ទើបដឹងថា ស្នាមមេដៃអ្នកលក់ផ្ទះ ឈ្មោះ សុច ហ៊ា និងស្នាមមេដៃ ឈ្មោះ វ៉ា ប៊ុនី នៅលើលិខិតប្រគល់ ទទួលប្រាក់ ដែលឈ្មោះ ហេង ស្រីនាត ប្រគល់ឲ្យជាស្នាមមេដៃ ក្លែងក្លាយ ទើបបងស្រីធម៌ ភ្ញាក់ខ្លួន ដឹងពីចាញ់កលល្បិច ឆបោករបស់ប្អូនធម៌ ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់ ចំពោះជនឆបោកខាងលើនេះ៕
ដោយ៖សហការី