អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចុះផ្សាយថា៖ បន្ទាប់ពីមានករណីគ្រោះរអិលបាក់ដីមួយបានវាយប្រហារ ស្រុកមួយស្ថិតនៅតំបន់ព្រំដែនជួរភ្នំហិម៉ាឡៃ (Himalayan) ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី១១ ខែសីហាម្សិលមិញនេះ បានធ្វេីឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងជាប់នៅក្រោមគំនរបាក់បែកនោះនៅឡើយ។
សារព័ត៌មាន BBC បាននិយាយបន្ថែមថា ករណីគ្រោះរអិលបាក់ដីខាងលេីនេះ បានកើតឡើងនៅលើផ្លូវហាយវេយហ៍ (High Way) មួយដែលស្ថិតនៅក្នុងស្រុក Kinnaur នៃរដ្ឋហ៊ីម៉ាចាល់ ប្រាដេស (Himachal Pradesh) ដោយផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តផ្សេងៗទៀតដែលកំពុងធ្វើដំណើរនៅលើផ្លូវហាយវេយហ៍នោះ ដែលបង្កឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ ខណៈ ០៥នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែប្រហែល៣០នាក់ផ្សេងទៀត នៅតែជាប់ក្រោមគំនរបាក់បែកនៃផ្ទាំងថ្មនោះដដែល។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាខុសប្លែកពីធម្មតា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនៅក្នុងអំឡុង រដូវមូសុង បានធ្វេីឱ្យគ្រោះរអិលបាក់ដី បានវាយប្រហារនឹងសម្លាប់មនុស្សជាច្រើនផងដែរ។
ជាក់ស្ដែងកាលពីខែមុន នៅក្នុងរដ្ឋ Himachal Pradesh មានមនុស្សយ៉ាងហោចណាស់ ០៩នាក់បានស្លាប់ ខណៈផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តរបស់ពួកគេខណៈ១៣៦នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ ដោយសារគ្រោះរអិលបាក់ដីនៅក្នុងរដ្ឋមហារ៉ាស្រ្តា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បានវាយប្រហារភូមិរាប់រយនិងបានបំផ្លាញផ្ទះសម្បែង អស់ជាច្រើនខ្នង៕ដោយ៖ស តារា