គ្រោះរអិលបាក់ដីមួយបានវាយប្រហារ តំបន់ព្រំដែនជួរភ្នំហិម៉ាឡៃ​ភាគខាងជើងប្រទេសឥណ្ឌ​ បណ្ដាល​ឱ្យ​មនុស្ស ១០នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ បន្ទាប់ពីមានករណីគ្រោះរអិលបាក់ដីមួយបានវាយប្រហារ ស្រុកមួយស្ថិតនៅតំបន់ព្រំដែនជួរភ្នំហិម៉ាឡៃ (Himalayan) ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី១១​ ខែសីហាម្សិលមិញនេះ​ បានធ្វេីឱ្យមនុស្សយ៉ាងហោចណាស់ចំនួ​ន ១០នាក់បានស្លាប់ និងរាប់សិបនាក់ទៀត កំពុងជាប់នៅក្រោមគំនរបាក់បែកនោះនៅឡើយ។

សារព័ត៌មាន BBC បាននិយាយបន្ថែមថា​ ករណីគ្រោះរអិលបាក់ដី​ខាងលេីនេះ​ បានកើតឡើងនៅលើផ្លូវហាយវេយហ៍ (High Way) មួយដែលស្ថិតនៅក្នុងស្រុក Kinnaur នៃរដ្ឋហ៊ីម៉ាចាល់ ប្រាដេស (Himachal Pradesh) ដោយផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តផ្សេងៗទៀតដែលកំពុងធ្វើដំណើរនៅលើផ្លូវហាយវេយហ៍នោះ ដែលបង្កឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ ខណៈ ០៥នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែប្រហែល៣០នាក់ផ្សេងទៀត នៅតែជាប់ក្រោមគំនរបាក់បែកនៃផ្ទាំងថ្មនោះដដែល។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាខុសប្លែកពីធម្មតា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនៅក្នុងអំឡុង រដូវមូសុង​ បានធ្វេីឱ្យគ្រោះរអិលបាក់ដី​ បានវាយប្រហារនឹងសម្លាប់មនុស្សជាច្រើនផងដែរ។

ជាក់ស្ដែងកាលពីខែមុន នៅក្នុងរដ្ឋ Himachal Pradesh​ មានមនុស្ស​យ៉ាងហោចណាស់ ០៩នាក់បានស្លាប់ ខណៈផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តរបស់ពួកគេខណៈ១៣៦នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ ដោយសារគ្រោះរអិលបាក់ដីនៅក្នុងរដ្ឋមហារ៉ាស្រ្តា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បានវាយប្រហារភូមិរាប់រយនិងបានបំផ្លាញផ្ទះសម្បែង អស់ជាច្រើនខ្នង៕ដោយ​៖​ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print