សម្តេចតេជោហ៊ុនសែន : វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac)ចំនួន៣លានដូសទៀតបានដឹកមកដល់កម្ពុជាទៀតហើយ

ចែករំលែក៖

ភ្នំពេញ, សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍ថា, នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់(Sinovac)ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកពីប្រទេសចិនមកដល់កម្ពុជាយើងទៀតហើយ។ វ៉ាក់សាំងនេះ នឹងរួមចំណែកជួយឱ្យរាជរដ្ឋាភិបាល សម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋវ័យចាប់ពី ១៨ឆ្នាំឡើង ក៏ដូចជាកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំដែលកំពុងដំណើរការចាក់ជូនជារៀងរាល់ថ្ងៃនេះ។

សម្តេចតេជោហ៊ុនសែន បានថ្លែងថា, វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក បន្ថែមពីលើវិធានការការពារផ្សេងៗ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងគ្រប់លទ្ធភាព ក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជារកបានវ៉ាក់សាំងប្រមាណជា ២០លានដូសរួចហើយ។ ក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

សម្តេចតេជោហ៊ុនសែន លើកឡើងថា តាមរយៈវ៉ាក់សាំងទាំងនេះ បានជួយឱ្យកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចំនួនជាង ៨លាននាក់ហើយ។ ដោយឡែកកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួនជាង ៣៥ម៉ឺននាក់ផងដែរ។ កម្ពុជា មិនត្រឹមតែជាប្រទេសដែលឈានមុខនៅក្នុងតំបន់លើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋពេញវ័យ និងមនុស្សវ័យក្មេងប៉ុណ្ណោះទេ។ ពេលនេះកម្ពុជា បានបោះជំហានទៅចាក់វ៉ាក់សាំងដូសទី៣ ជូនអ្នកប្រតិបត្តិការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅជួរមុខ ក៏ដូចជាជនអាទិភាពតាមក្រសួងស្ថាប័ននានាផងដែរ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print