ខេត្តឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ( ដូសជំរុញ Vaccine AstraZeneca) ជូនអតីតយុទ្ធជន (សមាជិក ស.អ.ក) ក្នុងខេត្តឧត្ដរមានជ័យ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
នាឱកាសនោះ លោកអភិបាលខេត្ត និងអតីតយុទ្ធជន បានគោរពថ្លែងអំណរគុណសម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងទាំងអស់កុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល៣កុំ និង៣ការពារ បើទោះបីជាយើងបានទទួលចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញយ៉ាងណាក៏ដោយ ខណៈជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតា (Delta) នៅតែបន្តឆ្លងដល់យើងគ្រប់ពេលវេលា ប្រសិនបើយើងធ្វេសប្រហែស និងមើលងាយស្ថានការណ៍នោះ៕ ដោយ៖សហការី