ក្រ​សួង​សាធារណការ៖​ ឆ្មក់ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត, បន្តឃាត់យានយន្តដឹកលើសកំណត់ និងអប់រំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមរយៈ​ផេកផ្លូវការ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃសុក្រ​ទី១៣​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តឃាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអប់រំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតលេខ ២៤៤១ សក.គតលទ ស្តីពីសំណើសុំផ្តល់កិច្ចសហការចូលរួមទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ខ្សាច់ និងដី លើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ និងដីនៅទូទាំងប្រទេស។

ជាក់ស្ដែង​ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ​ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែសីហាម្សិលមិញនេះ​ បានដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់ និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២គ្រឿងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរថយន្តទាំងពីរនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី ១១តោន និង ១៦តោន ដែលលើសពី ២០%នៃទម្ងន់អនុញ្ញាត នឹងត្រូវឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។

ស្របពេលជាមួយគ្នានេះ មន្រ្តីបច្ចេកទេសប្រចាំការតាមស្ថានីយជញ្ជីងអចល័ត នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបន្តធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់យានយន្តដឹកជញ្ជូនដែលឆ្លងកាត់ស្ថានីយ និងចុះពន្យល់ណែនាំដល់ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ និងរណ្តៅដី អំពីច្បាប់ស្តីពីផ្លូវថ្នល់ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតបទដ្ឋានផ្សេងៗទៀតដែលមានជាធរមាន។

គួរជម្រាបថា​ សកម្មភាពនៃផ្សព្វផ្សាយនេះ ក្នុងគោលបំណងឱ្យម្ចាស់យានយន្ត ម្ចាស់អាជីវកម្មកិនថ្ម ខ្សាច់ និងដីនៅទូទាំងប្រទេស ចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យផ្លូវថ្នល់ឆាប់ខូច និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដើម្បីអប់រំជុំវិញច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យ និងការឃាត់ទុកយានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់ មាត្រា៦០។

ក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថារាល់យានយន្តដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ។ ដូចនេះសូមម្ចាស់យានយន្តទាំងអស់ត្រូវដឹងអំពីទម្ងន់ផ្ទុកអនុញ្ញាតនៃប្រភេទយានយន្តរបស់ខ្លួន ជៀសវាងផ្ទុកលើសទម្ងន់កម្រិតកំណត់ដែលនាំឱ្យខាតបង់ថវិកា និងពេលវេលាប្រកបអាជីវកម្មរបស់ខ្លួន។

បន្ថែមពីនេះ​ ក្រសួង​ សូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយមិនមានការលើកលែង សំដៅធ្វើយ៉ាងណាអោយការអនុវត្តច្បាប់យើងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print