ភ្នំពេញ៖ នេះបេីយោងតាមរយៈផេកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តឃាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងអប់រំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតលេខ ២៤៤១ សក.គតលទ ស្តីពីសំណើសុំផ្តល់កិច្ចសហការចូលរួមទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលដឹកថ្ម ខ្សាច់ និងដី លើសទម្ងន់កម្រិតកំណត់ចេញពីការដ្ឋានថ្ម ខ្សាច់ និងដីនៅទូទាំងប្រទេស។
ជាក់ស្ដែងក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ នៅថ្ងៃព្រហស្បតិ៍ទី១២ ខែសីហាម្សិលមិញនេះ បានដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់ និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២គ្រឿងក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយរថយន្តទាំងពីរនោះលើសទម្ងន់កម្រិតកំណត់ចាប់ពី ១១តោន និង ១៦តោន ដែលលើសពី ២០%នៃទម្ងន់អនុញ្ញាត នឹងត្រូវឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០។
ស្របពេលជាមួយគ្នានេះ មន្រ្តីបច្ចេកទេសប្រចាំការតាមស្ថានីយជញ្ជីងអចល័ត នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបន្តធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់យានយន្តដឹកជញ្ជូនដែលឆ្លងកាត់ស្ថានីយ និងចុះពន្យល់ណែនាំដល់ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ និងរណ្តៅដី អំពីច្បាប់ស្តីពីផ្លូវថ្នល់ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតបទដ្ឋានផ្សេងៗទៀតដែលមានជាធរមាន។
គួរជម្រាបថា សកម្មភាពនៃផ្សព្វផ្សាយនេះ ក្នុងគោលបំណងឱ្យម្ចាស់យានយន្ត ម្ចាស់អាជីវកម្មកិនថ្ម ខ្សាច់ និងដីនៅទូទាំងប្រទេស ចូលរួមគោរពតាមបទដ្ឋានបច្ចេកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យផ្លូវថ្នល់ឆាប់ខូច និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសដើម្បីអប់រំជុំវិញច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យ និងការឃាត់ទុកយានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់ មាត្រា៦០។
ក្នុងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បានចែងថារាល់យានយន្តដែលដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ រើទំនិញចេញ និងឃាត់យានជំនិះទុកចំនួន ១ឆ្នាំ។ ដូចនេះសូមម្ចាស់យានយន្តទាំងអស់ត្រូវដឹងអំពីទម្ងន់ផ្ទុកអនុញ្ញាតនៃប្រភេទយានយន្តរបស់ខ្លួន ជៀសវាងផ្ទុកលើសទម្ងន់កម្រិតកំណត់ដែលនាំឱ្យខាតបង់ថវិកា និងពេលវេលាប្រកបអាជីវកម្មរបស់ខ្លួន។
បន្ថែមពីនេះ ក្រសួង សូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយមិនមានការលើកលែង សំដៅធ្វើយ៉ាងណាអោយការអនុវត្តច្បាប់យើងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ៕
ដោយ៖សហការី