ខេត្តកំពង់ធំ, នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ ចំនួន ០៣នាក់ ដែលមានអាយុជាង ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅខេត្តកំពង់ធំ ដែលទទួលបានថវិកាក្នុង ០១នាក់ ចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤២៣នាក់ទៀត ជាសះស្បើយ ៥៤១នាក់ និងស្លាប់ ២០នាក់៖
– ករណីឆ្លងសហគមន៍ ៣៥៦នាក់
– អ្នកដំណើរពីបរទេស ៦៧នាក់
គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 84,262 នាក់
– អ្នកជាសះស្បើយ= 78,972 នាក់
– អ្នកស្លាប់= 1,654 នាក់។
តាមរយៈការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋមកទល់នឹងពេលបច្ចុប្បន្ននេះមាន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មាន ៨១,៩៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ២២,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕
ដោយ,សិលា