ខេត្តពោធិ៍សាត់ ៖ ការខិតខំប្រឹងប្រែងទោះជាក្នុងបរិបទវីរុសកូវីដ-១៩យ៉ាងណាក៏ដោយ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានធ្វើឲ្យផ្ទះចំនួន២៥០ខ្នងទៀត ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សាងសង់រួចរាល់ជាស្ថាពរ ដែលជាអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ហើយបានធ្វើពិធីប្រគល់ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងពិការភាពជំហានទី-២ នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ នេះ ក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី-១ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជមកម្ពុជាខេត្តបានជម្រាបជូនថា ការប្រគល់ផ្ទះជូនអតីតយុទ្ធជននិងគ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះគឺជាលើកទី-២ហើយ ដែលលើកទី-១ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ចំនួន៥០ខ្នង និងលើកទី-២ នេះចំនួន២៥០ខ្នង នៅសល់តែ៣២៨ខ្នងទៀតប៉ុណ្ណោះ គ្រប់ចំនួន៦២៨ខ្នងហើយ ។ ក្នុងនោះអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានផ្ដល់ដីសម្បទានសង្គមកិច្ច ព្រមទាំងបានសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន ជាការដឹងគុណដ៏ថ្លៃថ្លាប្រកបដោយវីរៈភាពរបស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុភូមិកន្លងមកនេះ ។ ផ្ទះនីមួយៗមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ គ្រឿងបង្គុំធ្វើអំពីដែក សសរចាក់ស៊ីម៉ងត៍ ជញ្ជាំងស្មាតបត ដំបូលស័ង្កសី ត-យ៉ាកខាងក្រោយ៣ម៉ែត្រសម្រាប់ផ្ទះបាយ បង្គន់អនាម័យ១ បំពាក់សូឡាមួយឈុត អំពូលភ្លើងចំនួន៤ ឆ្នាំងដាំបាយអគ្គិសនី១ អណ្ដូងទឹក១សម្រាប់ ផ្ទៃដី៧០ម៉ែត្រ គុណនឹង១៥០ម៉ែត្រ មានរបងនិងដាំដំណាំឈើហូបផ្លែចំនួន៦០ដើម ត-បណ្ដាញអគ្គិសនីចូលក្នុងផ្ទះ ព្រមទាំងស្ថាបនាផ្លូវលំជូនផងដែរ ។ មិនតែប៉ុណ្ណោះដោយការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការការពារជំងឺកូវីដ-១៩ បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារក្នុងខេត្តពោធិ៍សាត់ បានទទួលការចាក់វ៉ាក់សាំងពីដូសទី-១រហូតដល់ដូសទី៣ទាំងអស់ហើយ ។
លោកស្រី ម៉ែន នារីសោភ័គ និងលោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនីនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែនឹកគិតគ្រប់ពេលវេលាចំពោះជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេស ។ ផ្ទះជំហានពីចំនួន២៥០ខ្នងដែលកាកបាទក្រហមធ្វើពិធីប្រគល់ជូនបងប្អូនថ្ងៃនេះ ក្នងនោះ១០ខ្នងជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ហ្លួងម៉ែ នរោត្តម មុនីនាថសីហនុ ។ ក្នុងនាមស្ថាប័នមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចូលរួមរែកពុនសម្រាលនូវបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជីវភាពរបស់បងប្អូនអតីតយុទ្ធជន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានបំផុសនូវចលនា ឲ្យមានការចូលរួមពីសប្បុរសជនគ្រប់ទិសទីទាំងអស់ ដើម្បីបានជាថវិកាកសាងផ្ទះទាំងចំនួន៦២៨ខ្នងសម្រាប់អតីតយុទ្ធជនទាំងចំនួន៦២៨គ្រួសារ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះ ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ដាំផ្ញើថា រដូវនេះជារដូវភ្លៀងធ្លាក់ ដូច្នេះបងប្អូនដែលបានមករស់នៅ ឬបងប្អូនដែលមានដីហើយមិនទាន់បានសង់ផ្ទះជូន ត្រូវនាំគ្នាដាំដុះលើដីរបស់ខ្លួនដើម្បីកុំឲ្យខាតពេល ព្រោះយើងពឹងលើទឹកអណ្ដូងវាមិនគ្រប់គ្រាន់នោះទេ ។
ក្នុងឱកាសឡើងផ្ទះថ្មី លើទឹកដីថ្មីនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានបំពាក់សម្ភារៈប្រើប្រាស់គ្រប់សព្វទាំងអស់ដល់បងប្អូនអតីតយុទ្ធជន ព្រមទាំងបានផ្ដល់ជូនបន្ថែមនូវគ្រឿងឧបភោគបរិភោគ សម្ភារៈផ្ទះបាយ សម្ភារៈកសិកម្ម សម្ភារៈបន្ទប់គេង សម្ភារៈអនាម័យ ថវិកា១០ម៉ឺនរៀល និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត សរុប៣០មុខ ។ ដោយឡែក លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានឧបត្ថម្ភអង្កររៀងរាល់ខែ ក្នុង១គ្រួសារចំនួន៥០គីឡូក្រាមថែមទៀត រហូតដល់បំណាច់ឆ្នាំ២០២១ ៕ ដោយៈ បុឹម ពិន