ភ្នំពេញ៖ ជនសង្ស័យចំនួន ១៤នាក់ ក្នុងករណីល្មើសនិងវិធានការរបស់ក្រសួងសុខាភិបាល នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ និងការបើកលេងល្បែងស៊ីសងខុសច្បាប់( ភ្នាល់មាន់ តាមអនឡាញ, ភ្នាល់ឡូតូតាមអនឡាញ, និងលេងអាប៉ោង ) ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ស្អែកនេះ ដេីម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីលោក សេង ហៀង ជាព្រះរាជអាជ្ញារងអមអយ្យាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក បានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការកសាងនីតិវិធីបញ្ជូនជនសង្ស័យទាំងចំនួន១៤នាក់ (ប្រុសទាំងអស់ ) ដែលក្នុងនោះរួមមាន៖
-អ្នកបើកភ្នាល់ឡូតូអនឡាញ ចំនួន០២ នាក់
-អ្នកបើកភ្នាល់ជល់មាន់អនឡាញតាមទូរទស្សន៍ ចំនួន ០១ នាក់
-អ្នកបាញ់អាប៉ោង ចំនួន០១ នាក់
-រួមទាំងមនុស្សចំនួន១០ នាក់ទៀតដែលលេងល្បែងស៊ីសងខាងលើទៅអយ្យាការសាលាដំបូងរាជធានីភ្នំពេញ ។
ដោយឡែកមនុស្សចំនួន១៧នាក់៨ទៀត ដែលជាអ្នកឈរមើលហែរហម នៅក្នុងទីតាំងលេងល្បែងខាងលើត្រូវបានធ្វើការអប់រំនិងផាកពិន័យតាមអន្តរៈកាលនៃមាត្រា១៩ នៃច្បាប់ប្រយុទ្ធប្រឆាំងនិងកូវិត និងមានការធ្វើលិខិតធានាពីឪពុក ម្តាយ និង អាណាព្យាបាល អោយត្រឡប់ទៅលំនៅដ្ឋានវិញ ៕
ដោយ៖សហការី