ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនកូនស្រីបង្កើត និងកូនប្រសា ដែលទាស់ទែងគ្នា ហើយយកកាំបិតចាក់គ្នាទៅវិញទៅមក ខណៈឪពុកចូលទៅជួយឃាត់បែរជាចាក់ត្រូវចំពោះឪពុកស្លាប់។ ដាក់ពន្ធនាគារ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ក្រោមការចោទប្រកាន់ ពីបទឃាតកម្ម តាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យជាប្តី និងត្រូវជាកូនប្រសាជនរងគ្រោះឈ្មោះ ហេង សៅរស្មី អាយុ ៣១ ឆ្នាំ និងប្រពន្ធ ឈ្មោះ ប៊ុន សូហ្វែរ អាយុ ២៨ ឆ្នាំ ជាកូនបង្កើត អ្នកទាំងពីរ ប្រកបមុខរបរ លក់អនឡាញ។
ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌមានជ័យ ឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីប្តីប្រពន្ធនោះ បានរកឃើញជាប់ពាក់ពន្ធអំពើឃាតកម្ម ចាក់សម្លាប់ឪពុក។ ចំណែកជនរងគ្រោះ ឈ្មោះ ប៊ុន វណ្ណា ជាឪពុក អាយុ ៥៩ ឆ្នាំ ពួកគេស្នាក់នៅផ្ទះល្វែង មួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូងបេតុង ក្នុងភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីលោក ម៉ុត ដារ៉ា ជាតំណាងអយ្យការ បានចោទប្រកាន់ ជាផ្លូវការ ហើយចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ ជាបណ្តោះអាសន្នរង់ចាំសវនាការផ្តន្ទាទោស តាមអំពើដែលជនល្មើសបានប្រព្រឹត្ត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ដំណើររឿងឃាតកម្មខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ប្តីប្រពន្ធពីរនាក់នេះ បានឈ្លោះប្រកែកគ្នា រហូតក្លាយទៅជាអំពើហិង្សា កាប់ចាក់ក្នុងគ្រួសារ ដោយផ្តើមចេញពី ភ្លើងប្រច័ណ្ឌ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងប្តី ប្រពន្ធ ពីរនាក់នោះ បានឈ្លោះប្រកែក គ្នាដែលប្រពន្ធ បានចោទប្រកាន់ប្តីថា មាន ស្រី លួចលាក់ ខាងក្រៅផ្ទះ។ ការចោទប្រកាន់ ពីសំណាក់ស្ត្រី ជាភរិយាថា ប្តីមានស្រី លួចលាក់ក្រៅផ្ទះនេះ បានធ្វើឲ្យប្តី មានការតបត ទើបកើតជាជម្លោះ ដោយប្រើអំពើហិង្សា វាយតប់ គ្នាទៅវិញទៅមក។
សាក្សីបានបញ្ជាក់ថា៖ នេះមិនមែនជាលើកទីមួយទេ ដែលគ្រួសារមួយនេះ ឈ្លោះទាស់ទែងគ្នា តែរឿងប្រច័ណ្ឌនោះ។ ដោយសម្លេងស្រែកជេរបញ្ចោរ និងវាយកាប់ចាក់គ្នា លាន់ឮកងរំពងពេញក្នុងផ្ទះ រវាងប្តីប្រពន្ធ ទាំងពីរ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នករស់នៅជិតខាង នោះជាហេតុធ្វើឲ្យបុរស ជាឪពុក ដែលមានវ័យ ចំណាស់ បានដើរចូលទៅឃាត់ និងជួយចាប់កូនបង្កើត និងកូនប្រសា កុំឲ្យឈ្លោះគ្នាទៀត។
ប៉ុន្តែស្របពេលនោះ កូនស្រី បានស្ទុះទៅយក កាំបិតសាំងគីម ពីក្បាលដំណេក បម្រុងចាក់ប្តី តែត្រូវ ឪពុក និងប្តី ចាប់ប្រតាយប្រតប់ ដណ្តើមយកកាំបិត ជាហេតុធ្វើឲ្យស្ត្រី ជ្រុលដៃចាក់ទៅលើឪពុក ជាច្រើន កាំបិត បណ្តាលឲ្យឪពុក រងរបួសធ្ងន់ធ្ងរនឹងហូរឈាម ស្រោចពេញដងខ្លួន។
ភ្លាមនោះ ប្តី ប្រពន្ធ ទាំង២នាក់ បានស្រវាស្រទេញ ដឹកឪពុកបញ្ជូន ទៅកាន់មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យ ឈាមលោកអ្នកមានគុណ ហូរច្រើនពេក ជនរងគ្រោះ ក៏បានលាចាកលោក ដោយមិនវិលត្រឡប់ ដោយស្នាដៃកូនទាំងពីរនាក់នេះ តែម្តងទៅ។
បន្ទាប់ពីឪពុក បាត់បង់ជីវិត ហើយជនសង្ស័យ បានដឹកសពឪពុក ត្រឡប់ទៅផ្ទះវិញ ទើបស្ត្រី ជាកូនបង្កើត បានរាយការណ៍ ជូនសមត្ថកិច្ច ប្រាប់ពីដំណើររឿង ដែលបានកើតឡើង ដោយពួកគេ ក៏មិនបានគេចវេស ពីហេតុការណ៍នោះដែរ៕ដោយ៖សហការី