កម្លាំងសមត្ថកិច្ច បញ្ជូនខ្លួនលោកអតីតផ្កាយ២ ឈ្មោះសូយ ចាន់សឿន មកសាកសួរ សំណុំរឿងថ្មីនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលជាអតីតមន្ត្រីយោធា ផ្កាយ២ម្នាក់មានឈ្មោះ សូយ ចាន់សឿន ដែលកំពង់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៧សីហា ឆ្នាំ២០២១ ដើម្បីសាកសួរលើសំណុណរឿងថ្មីមួយទៀត ដែលជនត្រូវចោទបានប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីសាលាដំបូងបានប្រាប់ឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ត្រូវបានចៅក្រមសើបសួរបង្គាប់ឲ្យនាំខ្លួនមកសាកសួរក្នុងសំណុំរឿង ប្ដឹងបរិហារបង្កាច់កេរ្ត៍ ប្រព្រឹត្តនៅភ្នំពេញកាលពីឆ្នាំ២០២០ តាមមាត្រា ៣១១ មាត្រា៣១២ នៃក្រមព្រហ្មទ័ណ្ឌ ដោយមានដើមបណ្ដឹងឈ្មោះ កើត ខេង ជាដើមបណ្ដឹងរដ្ឋប្បវេណី ។

លើសពីនេះទៀត អង្គហេតុដែលបង្កឲ្យមានការប្ដឹង មន្រ្តីយោធា ឈ្មោះ សូយ ចាន់សឿន អាយុ៤៥ឆ្នាំ ជាអតីតមន្ត្រីយោធាពាក់ផ្កាយ២ និងឈ្មោះ សូ បិនឡា អាយុ ៤៣ឆ្នាំ បានរួមគ្នាប្ដឹងឈ្មោះ កើត ខេង នៅថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២០ ដោយចោទពីបទ « លួច បទ ឆបោក និងបទ ក្លែងលិខិតសាធារណៈ » ប៉ុន្តែក្រោយពីបើកការសើបអង្កេតរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច តម្កល់រឿងទុកឥតចាត់ការ ដោយសារពុំមានបទល្មើសដូចការប្ដឹង តាមដីការសម្រេចទុកឥតចាត់ការលេខ ១៥៣៩ អ យញ ចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ០២០ ។

ប៉ុន្តែ ឈ្មោះ សូយ ចាន់សឿន បានប្ដឹងឧទ្ធរណ៍ចំពោះដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូង ហើយនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍បានសម្រេច តម្កល់ដីកាសម្រេចរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។

បន្ថែមពីនេះទៀតថា ចំពោះកាប្ដឹងរបស់ឈ្មោះ សូយ ចាន់សឿន និង សូ បិនឡា ទៅលើឈ្មោះ កើត ខេង ពួកគេបានរៀបរាប់នៅក្នុងបណ្ដឹងថា ឈ្មោះ កើត ខេង បានឃុបឃិតគ្នាក្លែងបន្លំលិខិតផ្ទេរកម្មសិទ្ធ ចុះថ្ងៃទី ១៣ ខែធ្នូ ២០០៧ ដោយលុបឈ្មោះ សូយ ចាន់សឿន និងស្នាមមេដៃ ដើម្បីបន្លំលួចយកទៅកាត់ចេញ ផ្ទេរកម្មសិទ្ធិសម្គាល់អចលនវត្ថុ មកឲ្យឈ្មោះ កើត ខេង ប៉ុន្តែការប្ដឹងនេះពុំមានការពិត ឬ ភស្តុតាងបញ្ជាក់សោះ ទើបអយ្យការអមសាលាដំបូង និងសាលាឧទ្ធរណ៍សម្រេចតម្កល់រឿងទុកមិនចាត់ការ ។

បើតាមសេចក្ដីសម្រេចនេះ បុគ្គលឈ្មោះ សូយ ចាន់សឿន ត្រូវបាន បុគ្គលឈ្មោះ កើត ខេង បានដាក់ពាក្យប្ដឹងបកវិញមកសាលាដំបូងរាជធានីភ្នំពេញ ដោយសំណូមពរឲ្យតុលាការចាត់ការជនជាប់ចោទតាមផ្លូវច្បាប់៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print