ខេត្តស្ទឹងត្រែង , នៅរសៀលថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត សូមធ្វើការប្រកាសជូនដំណឹងជាការប្រញាប់ដល់ សាធារណជន និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានទទួលលទ្ធផលវិភាគ សំណាកអ្នកជំងឺដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហាកន្លង ទៅថ្មីនេះ ពីវិទ្យាស្ថានប៉ាស្ទ័រ ក្នុងនោះបានបញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មី (Delta) ចំនួន ៧នាក់ និងមានករណីសង្ស័យប្រភេទ Delta នេះ ចំពោះអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលសរុប មកដល់ពេលនេះ ក្នុងខេត្តស្ទឹងត្រែងយើង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួនដល់ទៅ ៩នាក់ហើយ។
ក្នុងន័យដូចបានជម្រាបជូនដំណឹងខាងលើ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត សូម អំពាវនាវ និងស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុង ពេលកន្លងមកនេះ សូមមានការប្រុងប្រយ័ត្ន ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំ។ ទន្ទឹមនោះ សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តនូវវិធានការ “៣ការពារ និង៣កុំ” ឲ្យបានខ្ជាប់ខ្ជួន និង សូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្ដីណែនាំ និង ការសម្រេចដាក់ចេញដោយក្រសួងសុខាភិបាល ថាខេត្តស្ទឹងត្រែង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវ ទទួលការពិន័យ។
ករណីចាំបាច់ ឬសង្ស័យដោយប្រការណាមួយ សូមទំនាក់ទំនងក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទដូចតទៅនេះ 088 636 3689 ឬ 088 877 8000 ឬ 017 788 000 ឬ 097 263 0564 ដើម្បីអនុវត្តវិធានការបច្ចេកទេសទាន់ពេលវេលា។
អាស្រ័យដូចបានជម្រាបជូនដំណឹងជាការប្រញាប់ខាងលើ សូមប្រជាពលរដ្ឋ សាធារណជន និងគ្រប់អ្នកពាក់ព័ន្ធ ទទួលជ្រាប និងចូលរួមអនុវត្តតាមការជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពបំផុត៕
ដោយ, សុខ ខេមរា