អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះបានបន្តបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផន

ចែករំលែក៖

ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះបានបន្តបើកសវនាការលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង ខៀវ សំផននៅថ្ងៃទី២ ដោយផ្តោតលើការស្តាប់ទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ភាគីពាក់ព័ន្ធទៅនឹងយុត្តាធិការរបស់អង្គជំនុំជម្រះសាលាដំបូង និងទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលខៀវ សំផន ត្រូវបានសម្រេចដាក់ពិរុទ្ធភាព។ ក្រុមមេធាវីការពារក្តីឱ្យជនជាប់ចោទ ការិយាល័យសហព្រះរាជអាជ្ញា និងសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីបានបង្ហាញទឡ្ហីករណ៍របស់ខ្លួននៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល។
ក្រុមមេធាវីការពារក្តីជនជាប់ចោទ ខៀវ សំផន បានបង្ហាញទឡ្ហីករណ៍នៃបណ្តឹងសាទុក្ខរបស់ខ្លួន ដោយព្យាយាមបង្ហាញថាអង្គជំនុំជម្រះសាលាដំបូងមានកំហុសផ្នែកដំណើរការនីតិវិធីនិងដែនយុត្តាធិការក្នុងការចោទប្រកាន់ប្រឆាំងនឹងកូនក្តីខ្លួន។ ក្រុមមេធាវីការពារក្តីខៀវ សំផន បានលើកឡើងថាសាលក្រម ប្រឆាំងជនជាប់ចោទ ខៀវ សំផន មិនមានភាពត្រឹមត្រូវលើនីតិវិធីច្បាប់ និងគួរត្រូវបានធ្វើមោឃភាពចោល។ ប៉ុន្តែភាគីសហព្រះរាជអាជ្ញា និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីបានថ្លែងការពារនូវអ្វីដែលអង្គជំនុំជម្រះសាលាដំបូងសម្រេច និងបានលើកឡើងថាទាំងនីតិវិធី និងយុត្តាធិការដែលអង្គជំនុំជម្រះសាលាដំបូងបាន អនុវត្តក្នុងដំណើរការជំនុំជម្រះក្តីក្នុងសំណុំរឿង ០០២/០២ រួមនឹងសាលក្រមដែលបានប្រកាសកាលពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺមានភាពត្រឹមត្រូវ និងបានគ្របដណ្តាប់លើអង្គហេតុនានា ដែលបានចោទប្រកាន់នៅក្នុងសំណុំរឿង។
នៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន ជនជាប់ចោទខៀវ សំផន តាមរយៈមេធាវីការពារក្តីរបស់ខ្លួន បានស្នើសុំដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ជាចម្បងកត់សម្គាល់ពីមោឃភាពនៃសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងដែលបានប្រកាសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងសំអាងហេតុដែលបានជូនដំណឹងដល់ភាគីនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយរំលោភលើវិធាន ផ្ទៃក្នុង។ ២-ជាបន្ទាប់បន្សំ ធ្វើមោឃភាពសាលក្រម និងសំអាងហេតុសាលក្រមនៃសាលាដំបូង ដោយចេញសាលក្រមពីការគ្មានពិរុទ្ធភាពចំពោះបទចោទនីមួយៗ និង ៣-ជាបន្ទាប់បន្សំបំផុត កែប្រែការផ្តន្ទាទោស និងប្រកាស ដាក់ទោសឱ្យេជាប់ពន្ធនាគារក្នុងរយៈពេលកំណត់មួយ។

ចំណែកការិយាល័យសហព្រះរាជអាជ្ញាមិនបានប្តឹងសាទុក្ខលើផ្នែកពិរុទ្ធភាពទេ តែបានប្តឹងសាទុក្ខពាក់ព័ន្ធនឹងការរៀបអាពាហ៍ដោយបង្ខំ ដោយបានស្នើសុំអង្គជំនុំជម្រះតុលាការកំពូលសន្និដ្ឋានថា អង្គជំនុំជម្រះសាលាដំបូងមានកំហុសនៅពេលដែលអង្គជំនុំជម្រះបានសន្និដ្ឋានថា បរុសដែលត្រូវបានបង្ខំឱ្យរួមដំណេកនៅអាពាហ៍ពិពាហ៍របស់ពួកគេ មិនមែនជាជនរងគ្រោះនៃឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិនៃអំពើអមនុស្សធម៌ផ្សេងៗទៀតនោះទេ។ សហព្រះរាជអាជ្ញាស្នើថា ការរកឃើញដោយមានកំហុសនេះទុកមួយអន្លើសិន ហើយការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ ផ្សេងទៀតនេះ ត្រូវកែតម្រូវដោយរួមបញ្ចូលហិង្សាផ្លូវភេទលើជនរងគ្រោះជាបុរសដើម្បីឱ្យជនរងគ្រោះទាំងបុរសនិងទាំងស្រ្តីនៃអំពើបង្ខំឱ្យរួមដំណេកដូចគ្នានេះ ត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។ ការណ៍នេះ គឺត្រូវតាមវិធាន ១១០(៤) នៃវិធានផ្ទៃក្នុងដូចដែល ខៀវ សំផន ត្រូវបានផ្តន្ទាទោសរួចហើយចំពោះឧក្រិដ្ឋកម្មនៃអំពើអមនុស្សធម៌ផ្សេងទៀត។

រីឯសហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណីស្នើសុំដោយសេចក្តីគោរពដល់អង្គជំនុំជម្រះតុលាការកំពូលមេត្តា៖ ១-ច្រាលចោលបណ្តឹងសាទុក្ខរបស់ជនជាប់ចោទ ខៀវ សំផន ទាំង ស្រុង ២-តម្កល់ពិរុទ្ធភាព ខៀវ សំផន ទាំងអស់ និង ៣-តម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។

សូមរំឭកថា ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានដាក់បណ្តឹងសាទុកទៅកាន់ អង្គជំនុំជម្រះតុលាការកំពូលប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងដែលបាន នៃអ.វ.ត.ក ដែលបានរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម និងបានសម្រេចផ្តន្ទាទោសដាក់ព័ន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ អង្គជំនុំជម្រះសាលាដំបូងបាន រកឃើញថា ខៀវ សំផន ដែលជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យបានចូលរួមសហឧក្រិដ្ឋកម្មរួមជាមួយមេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃបក្សកុម្មុយនិស្តកម្ពុជាដោយមានគោលបំណងអនុវត្តបដិវត្តន៍សង្គមនិយមឆាប់រហ័សតាមរយៈការព្រឹត្តឧក្រិដ្ឋកម្មនានា។

ខៀវ សំផន ត្រូវបានផ្តន្ទាទោសពីការប្រព្រឹត្តតាមរយៈការចូលរួមនៅក្នុងសហឧក្រិដ្ឋកម្មរួមនូវ៖ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទៅលើក្រុមជាតិ ជាតិពន្ទុ និងពូជសាសន៍វៀតណាម ការបំពារបំពានយ៉ាងធ្ងន់ធ្ងរជាច្រើនទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិតាមរយៈការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើទៅជាទាសករ ការនិរទេស ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខ បុកម្នេញដោយមូលហេតុនយោបាយ ការធ្វើទុក្ខបុកម្នេញដោយមូលហេតុសាសនា និងការធ្វើទុក្ខបុកម្នេញ ដោយមូលហេតុពូជសាសន៍ ព្រមទាំងអំពើអមនុស្សធម៌ផ្សេងទៀតក្រោមទម្រង់ជាការប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់មនុស្ស អំពើអមនុស្សធម៌ផ្សេងៗទៀតក្រោមទម្រង់ជាការបាត់ខ្លួនដោយបង្ខំ ក្រោមទម្រង់ជាការជម្លៀសដោយបង្ខំ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភផ្លូវភេទនៅក្នុងបរិបទនៃការរៀប អាពាហ៍ពិពាហ៍ដោយបង្ខំ។ ជនជាប់ចោទ ខៀវ សំផន ត្រូវបានផ្តន្ទាទោសផងដែរពីការជួយ និងជំរុញឱ្យ មានការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិតាមរយៈការធ្វើមនុស្សឃាត នៅតាមការដ្ឋានការងារ សហករណ៍ និងមន្ទីរសន្តិសុខ ចំពោះការស្លាប់ដែលបណ្តាលមកពីលក្ខខណ្ឌនៃការរស់នៅ នៅតាមទីតាំង ឧក្រិដ្ឋកម្មទាំងនេះរួមមានកង្វះខាតម្ហូបអាហារ ទឹក និងការថែទាំសុខភាព ព្រមទាំងការកំណត់ឱ្យធ្វើការងារធ្ងន់ធ្ងរ។
អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ខៀវ សំផន បានជំរុញ ញុះញង់ និងផ្តល់ភាពស្របច្បាប់ដល់គោលនយោបាយឧក្រិដ្ឋនានា ហើយបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងឧក្រិដ្ឋកម្មទាំង ឡាយដែលបានប្រព្រឹត្តដោយកម្មាភិបាលបក្សកុម្មុយនិស្តកម្ពុជា។ គាត់បានណែនាំដោយផ្ទាល់ដល់កម្មា ភិបាលស្តីពីការអនុវត្តគោលនយោបាយឧក្រិដ្ឋ និងទទួលខុសត្រូវក្នុងការបណ្តុះបណ្តាលកម្មាភិបាលបក្ស កុម្មុយនិស្តកម្ពុជា។ លើសពីនេះទៀត អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ខៀវ សំផន បានចូលរួម ចំណែកនៅក្នុងការបោសសម្អាតខ្មាំងនៅទូទាំងប្រទេស និងបានអនុម័តផ្តល់ «សិទ្ធិក្នុងការកម្ទេច» នៅក្នុងជួរថ្នាក់ក្រោមនៃបក្សកុម្មុយនិស្តកម្ពុជា។ ខៀវ សំផន ក៏ទទួលខុសត្រូវផងដែរក្នុ្ងងការថ្លែងសុន្ទរកថា គាំទ្រដល់គោលនយោបាយបក្សកុម្មុយនិស្តកម្ពុជាដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈដែលអង្គជំនុំជម្រះ បានរកឃើញថាជាការចូលរួមចំណែកនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម។
អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ខៀវ សំផន ទទួលខុសត្រូវចំពោះគោលនយោបាយបក្សកុម្មុយនិស្តកម្ពុជាដែលកំណត់គោលដៅប្រឆាំងនឹងជនជាតិវៀតណាម ជនជាតិចាម ពុទ្ធសាសនិក និងអតីតអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ។ អង្គជំនុំជម្រះបានរកឃើញថា នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ មានគោលនយោបាយនៅទូទាំងប្រទេសក្នុងការបណ្តេញជនជាតិ វៀតណាមរស់នៅក្នុងប្រទេសកម្ពុជា។ អង្គជំនុំជម្រះក៏បានបង្ហាញផងដែរនូវករណីជាក់លាក់ដែលប្រជាជនស៊ីវិលវៀតណាមត្រូវបានសម្លាប់ទ្រុងទ្រាយធំ។ និម្មិតរូបនៃព្រះពុទ្ធសាសនាត្រូវបានកម្ទេចចោល ហើយព្រះសង្ឃត្រូវបានចាប់ផ្សឹកដោយបង្ខំនៅតាមឃុំនានា។ ព្រះសង្ឃត្រូវបានគេចាត់ទុកថាជាតេនញ៉ា ឬជាឈ្លើងសង្គម ហើយការប្រើប្រាស់វត្តអារាមក្នុងគោលបំណងខាងសសនាមិនត្រូវបានអនុញ្ញាតឡើយ។ ការប្រតិបត្តិសាសនា និងវប្បធម៌ចាមត្រូវបានហាមឃាត់នៅទូទាំងប្រទេស។ ព្រះវិហារអ៊ីស្លាមត្រូវបានរុះរើ និងគម្ពីរអាល់គួរ៉អានត្រូវបានដុតចោល។ ប្រជាជនចាមត្រូវបានបង្ខំឱ្យបរិភោគសាច់ជ្រូក និងត្រូវបានហាមមិនឱ្យគោរពបូជាសាសនា និងនិយាយភាសាដើមរបស់ខ្លួនឡើយ។ លើសពីនេះទៀត អង្គជំនុំជម្រះបានរកឃើញថា ប្រជាជនស៊ីវិលចាមត្រូវបានចាប់ខ្លួន និងសម្លាប់ក្នុងទ្រង់ទ្រាយធំ។ អ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរក៏ត្រូវបានកំណត់គោលដៅដើម្បីចាប់ខ្លួន និងសម្លាប់ជាមួយក្រុមគ្រួសាររបស់ពួកគេ។អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា ខៀវ សំផន ទទួលខុសត្រូវចំពោះគោលនយោបាយ នៅទូទាំងប្រទេសនៃការកំណត់អត្តសញ្ញាណបុគ្គលដែលត្រូវរៀបចំដោយបង្ខំ ដែលជាញឹកញាប់គឺត្រូវ រៀបការជាមួយមនុស្សដែលពួកគេមិនធ្លាប់ស្គាល់។
សវនាការបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹងខៀវ សំផន គ្រោងធ្វើឡើងសម្រាប់រយៈពេល ៤ ថ្ងៃពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១-ភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី ២-ភាពត្រឹមត្រូវនៃយុត្តាធិការ ៣-បទឧក្រិដ្ឋដែលខៀវ សំផនត្រូវសម្រេចដាក់ពិរុទ្ធភាព និង ៤-វគ្គបិទសវនាការរួមបញ្ចូលបទបង្ហាញសង្ខេប បដិសេធរបស់មេធាវីការពារក្តី ព្រមទាំងផ្តល់ឱកាសសម្រាប់ខៀវ សំផន ថ្លែងទៅកាន់អង្គជំនុំជម្រះដោយផ្ទាល់នៅក្នុងអំឡុងពេលសវនាការលើបណ្តឹងសាទុក្ខ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print