ខេត្តស្វាយរៀង, នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរខេត្តស្វាយរៀង ប្រកាសរកឃើញអ្នកជំងឺកូដ-១៩ ដែលមានផ្ទុកមេរោគកូវីដ-១៩ (COVID-19)ប្រភេទថ្មី(Delta 21A/B.1.617.2)នៅក្នុងខេត្តស្វាយរៀង។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ លើពលករចំណាកស្រុកដែលមកពីប្រទេសថៃ ចំនួន ០២ករណី និង ០១ករណីឆ្លងពីក្មួយដែលជាពលករមកពី ប្រទេសថៃ ។ នៅថ្ងៃទី១៤និងទី១៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ អ្នកជំងឺកូវីដ-១៩ ខេត្ត រួមជាមួយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានទទួលលទ្ធផលវិភាគសំណាក់អ្នកជំងឺ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រ ចំនួន ០២លើកបានបញ្ជាក់ថាមានអ្នកផ្ទុកមេរោគកូវីដ-១៩ ប្រភេទថ្មីមានចំនួន ២៦នាក់ ជាពលករចំណាកស្រុកមកពីប្រទេសវៀតណាម ចំនួន ២៥នាក់ និងករណីវិជ្ជមានលើ អ្នកប៉ះពាល់ពលករមកពីប្រទេសវៀតណាមអំឡុងពេលចត្តាឡីស័ក ចំនួន ០១នាក់ និងមានករណីសង្ស័យថា មានមេរោគប្រភេទDeltaនេះ មានអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលពុំទាន់ទទួលបានលទ្ធផល សរុបមកដល់បច្ចុប្បន្ន ក្នុងខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ-១៩ ដែលផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន ២៩នាក់។
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយ ផ្ទាល់ ឬ ប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ២១ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការ: ខុសប្រក្រតី ដូចជា ក្តៅខ្លួនក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាក ដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកនៅក្នុងមូលដ្ឋានរបស់ខ្លួន ឬ ទំនាក់ទំនងមកកាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តលេខទូរស័ព្ទ ០៩៧ ៣៣៨ ៨៧៧៧ ឬទំនាក់ទំនងមកកាន់ក្រុម ការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៨៨ ៧៨៣ ៦៦៦៦ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និងចូលរួម អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺ កូវីដ-១៩ «៣ ការពារ ៣កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្តី និងសូមមេត្តាអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបានតាមសេចក្តីណែនាំ និងការសម្រេច ដាក់ចេញដោយក្រសួងសុខាភិបាលថា ខេត្តស្វាយរៀង ជាខេត្តដែលតម្រូវឲ្យមានកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព។ ចំពោះអ្នកដែលមិនអនុវត្តនូវកាតព្វកិច្ចនេះ នឹងត្រូវ ទទួលការពិន័យ ព្រមទាំងចូលរួមអនុវត្ត តាមការជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពបំផុត៕
ដោយ, សិលា