ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលអំណោយជាថវិកាបន្ថែមជាលើកទី៣ ចំនួន ២០លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ សរុបចំនួន ២០នាក់ (ស្រី ០២នាក់) ដែលបានជាសះស្បើយចំនួន ០៥នាក់ (ស្រី ០២នាក់) និង១៥នាក់កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសាកាណា ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងអោយ មន្រ្តីនគរបាលទាំង២០នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកអភិបាលខេត្ត និងលោកស្រី សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា ទាំង០៣លើកនេះ លោក អភិបាល បានឧបត្ថម្ភ ថវិកាសរុបគឺ ៨៥លានរៀល (ប៉ែតសិបប្រាំលានរៀល) ស្មើនឹង៨៥នាក់រួចហើយ ៕
ដោយ, សហការី