ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ថ្មីៗនេះខ្ញុំបានចេញបញ្ជាអោយនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែល មិនអាចរកទីផ្សាដើម្បីលក់មៀនបាន។
នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជម្ងឺ បងប្អូនដែលកំពុងធ្វើចត្តាឡីស័កទទួលទាន ដោយមិនគិតថ្លៃ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានថ្លែងថា, នេះជាវិធីដោះទាល់ក្នុងកាលៈទេសៈដ៏លំបាកកុំអោយ កសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំ ក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។
សម្តេចតេជោហ៊ុនសែន បន្តថា, ជាដំណោះសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល
ខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។
សម្តេចមានប្រសាសន៍លើកឡើងថា, ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនះ
អភិបាលខេត្តបាត់ដំបង លោកជំទាវ
បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ
ពាក្យ(ទិញពីកសិករ)សំដៅដល់កសិករក្រីក្រ
ដែលដាំមៀនដោយផ្ទាល់។
សម្រាប់ចំការមៀនរបស់មន្ត្រីទាំងសុីវឹលទាំង
កងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នក
ឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សាដោយខ្លួនឯង។
ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាព
ជួយដល់ម្ជាស់ដីដែលមានចំការមៀនច្រើន
នោះទេ សុំការយោគយល់ផង៕
ដោយ, សុខ ខេមរា