ភ្នំពេញ, នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់រាជរដ្ឋាភិបាលកម្ពុជា យកទៅប្រគល់ជូនរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាតាមជើងហោះហើរពិសេស ។
សូមជម្រាបថា យោងតាមលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន លោក នាយឧត្តមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានខ្លឹមសារថា, ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ ខ្ញុំសូមបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០.០០០ ដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១០០.០០០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។ យើងក៏នឹងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដែលរួមមាន៖ ម៉ាស់ចំនួន ៣ លាន តេស្ត៍រហ័ស ចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០ គ្រឿង ដូចបានរៀបរាប់លម្អិតនៅក្នុងបញ្ជីជូនភ្ជាប់ ជូនសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាបានប្រគល់ម៉ាសចំនួន ២លានម៉ាស និងឧបករណ៍ពេទ្យមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ហើយនេះជាលើកទី២ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគថវិកា និងសម្ភារវេជ្ជសាស្ត្រជូន រដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា។
ដោយឡែក សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ជួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសនេប៉ាល់។
ដោយឡែក កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមវៀតណាម តាមរយៈ ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា ដេីម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមផងដែរ។
តាមរយៈសកម្មភាពទាំងនេះ គឺបានស្តែងឱ្យឃើញនូវសមានចិត្ត និងទឹកចិត្តប្រកបដោយមេត្តាធម៌របស់សមាគមជាតិកាកបាទក្រហមកម្ពុជា ជាមួយមនុស្សជាតិទាំងអស់នៅលើពិភពលោក ដើម្បីរំលែកការលំបាកទាំងឡាយ៕
ដោយ, សិលា