ភ្នំពេញ, នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ពីវឌ្ឍនភាពនៃការរៀបចំ និងកិច្ចដំណើរការនៃមន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា (Bio-Technology Laboratory, BTL) នៃអគ្គនាយដ្ឋានកសិកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោករដ្ឋមន្ត្រីបានថ្លែងថា ,មន្ទីរពិសោធន៍ជីវបច្ចេកវិទ្យា (Bio-Technology Laboratory, BTL) គឺជាផ្នែកមួយនៃមន្ទីរ ពិសោធន៍ជាតិកសិកម្ម (NAL) ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានកសិកម្ម។ BTL បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាវិភាគគុណភាពគ្រាប់ពូជ មីក្រូជីវសាស្រ្ត និងជាលិកាវប្បកម្ម ដើម្បីជំរុញផលិតកម្មកសិកម្មឱ្យមានការកើនឡើង ស្របតាមបរិបទថ្មីនៃវិទ្យាសាស្រ្តកសិកម្មដល់ស្ថាប័នរដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍អភិវឌ្ឍន៍កសិកម្ម។ល។ សកម្មភាពសំខាន់ៗរបស់ BTL ចែកចេញជា ៣ផ្នែក មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
១. ផ្នែកវិភាគគុណភាពគ្រាប់ពូជដំណាំ (Seed Testing Section) ៖
ផ្នែកវិភាគគ្រាប់ពូជមានសមត្ថភាពវិភាគគុណភាពគ្រាប់ពូជដំណាំគ្រប់ប្រភេទដែលផលិតក្នុងប្រទេស និងនាំចូល។ ការវិភាគគុណភាពគ្រប់ពូជដំណាំត្រូវបានធ្វើឡើងនៅមុនពេលនាំចូល មុនពេលចរាចរនៅលើទីផ្សារ និងមុនធ្វើការដាំដុះ ដើម្បីធានា និងលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មតាមរយ:ការប្រើប្រាស់គ្រាប់ពូជដំណាំមានគុណភាពល្អ បញ្ជាក់ពីពូជសុទ្ធ និងតម្លៃសមរម្យស្របទៅតាមគុណភាព។ មិនតែប៉ុណ្ណោះ ការវិភាគគុណភាពគ្រាប់ពូជដំណាំ អាចជួយការពារផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធមាន ៖ អ្នកដាំដុះ អ្នកផលិតគ្រាប់ពូជ និងអ្នកលក់គ្រាប់ពូជ ធានាបាននូវគុណភាព និងសុវត្ថិភាពផលិតផលដំណាំសម្រាប់អ្នកបរិភោគ។ ផ្អែកលើប្រព័ន្ធស្តង់ដារជាតិគ្រាប់ពូជ (National Seed Standard System) និងសមាគមធ្វើតេស្តគុណភាពគ្រាប់ពូជអន្តរជាតិ (International Seed Testing Association) ការវិភាគគុណភាពគ្រាប់ពូជដំណាំនៅក្នុង BTL តម្រូវឱ្យផ្តោតជាសំខាន់លើប៉ារ៉ាម៉ែត្រចំនួន ៤ គឺការធ្វើតេស្តរកអត្រាសំណើម ភាពសុទ្ធ គ្រាប់ពូជលាយ និងដំណុះគ្រាប់ពូជ។ ក្នុងឆ្នាំ២០២០ BTL បានចុះយកសំណាក និងវិភាគគ្រាប់ពូជបានចំនួន ៥០៣សំណាក ក្នុងនោះភាគច្រើនជាគ្រាប់ពូជស្រូវ និងមួយចំនួនទៀតជាគ្រាប់ពូជដំណាំផ្សេងៗដូចជា ៖ គ្រាប់ពូជពោត ថ្នាំជក់ ម្ទេស ត្រសក់ សណ្តែកបាយ សណ្តែកសៀង សណ្តែកបាយ ស្ពៃ ម្រះ ល្ហុង ឆៃថាវ ត្រកួន សាឡាត់ ត្រឡាច និងននោង។ល។
២. ផ្នែកវិភាគមីក្រូជីវសាស្រ្ត (Micro Biology Section) ៖
ផ្នែកវិភាគជីវបច្ចេកវិទ្យាផ្តោតលើការវិភាគធាតុចូលកសិកម្មដូចជា ជីសរីរាង្គ ជីជីវសាស្រ្ត ថ្នាំកសិកម្មជីវសាស្រ្ត និងការវិភាគរកវត្តមានអតិសុខុមប្រាណដែលមានប្រយោជន៍ (Useful Microorganism) និងពពួកបង្កជំងឺឆ្លង (Pathogen) នៅលើប្រភេទផលិតផលមួយចំនួនដូចជាបន្លែ និងផ្លែឈើ។ ចំពោះជីសរីរាង្គ (ជីលាមកសត្វ ជីឡជីវឧស្ម័ន ជីកំប៉ុស្តទឹកនិងគោក និងជីជីវសាស្រ្ត ការវិភាគផ្តោតលើ Azotobacter, Phoshate Solubilising Bacteria, Azospirillum, Bacillus Thuringiensis, Bacillus Subtilis ជាដើម។ ចំណែកថ្នាំកសិកម្មជីវសាស្រ្ត ការវិភាគផ្តោតលើ Bacillus Thuringiensis, Bacillus Subtilis, Trichoderma hazianum, Verticilium lecanii និងបាក់តេរី/ផ្សិតសំខាន់ៗមួយចំនួនទៀត។ លទ្ធផលក្នុងឆ្នាំ២០២០ មន្ទីរពិសោធន៍ជីវបច្ចេកវិទ្យាបានចុះយកសំណាក និងវិភាគជីសរីរាង្គ ជីជីវសាស្រ្ត និងថ្នាំជីវសាស្ត្របានចំនួន ៣៧សំណាក។
៣. ផ្នែកជាលិកាវប្បកម្ម (Tissue Culture Section) ៖
ជាលិកាវប្បកម្ម គឺជាបច្ចេកទេសទំនើបមួយក្នុងចំណោមបច្ចេកវិទ្យាដទៃទៀត ដែលបានអនុវត្តក្នុងផលិតកម្មកសិកម្ម និងជាបច្ចេកវិទ្យាបណ្តុះកូនរុក្ខជាតិចេញពីជាលិកា។ កូនរុក្ខជាតិដែលបណ្តុះចេញពីជាលិកា ជាទូទៅមានសុខភាពល្អ គ្មានជំងឺរាតត្បាត មានឯកសណ្ឋានភាព មានផលិតភាពខ្ពស់ និងអាចផលិតកូនរុក្ខជាតិបានច្រើននៅក្នុងមន្ទីរពិសោធន៍ និងថ្នាល ដែលមានផ្ទៃដីតូច។ បច្ចេកវិទ្យាដែលបានប្រើប្រាស់ក្នុងជាលិកាវប្បកម្មរុក្ខជាតិរួមមាន បច្ចេកវិទ្យាបណ្ដុះប្រូតូប្លាស ឯកកោសិកា និងបណ្ដុំកោសិកាវប្បកម្ម។ ការបណ្ដុះជាលិកា និងសរីរាង្គ ត្រូវបានប្រើប្រាស់ក្នុងវិស័យជាច្រើនរួមមាន វិស័យកសិកម្ម បរិស្ថានក្នុងការអភិរក្សពន្ធុ (Genetic Conservation) ការគ្រប់គ្រងពន្ធុ (Genetic Management) ការកម្រិតពន្ធុ (Genetic Restriction) ក្នុងវិស័យវេជ្ជសាស្រ្ដ និងក្នុងវិស័យឧស្សាហកម្មផងដែរ។ល។
បច្ចុប្បន្ន មន្រ្តីទទួលបន្ទុកអនុវត្តបច្ចេកទេសជាលិកាវប្បកម្មកំពុងធ្វើការស្រាវជ្រាវរកវិធីសាស្រ្ត និងបច្ចេកទេសថ្មីៗបន្ថែមទៀតក្នុងការកាត់បណ្តុះ និងវិធីសាស្រ្តដាក់បន្សាំក្នុងបន្ទប់ពិសោធន៍ និងបរិយាកាសខាងក្រៅឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ មន្ទីរពិសោធន៍ផ្នែកជាលិកាវប្បកម្មកំពុងធ្វើការពិសោធន៍លើដំណាំចេក ដំឡូងមី និងផ្កាអ័រគីដេ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ព័ត៌មានបន្ថែម ឬចង់ទទួលបានសេវាពិសោធន៍គ្រាប់ពូជដំណាំ សូមអញ្ជើញសូមទាក់ទងលោក នៅ រតនា ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម តាមរយៈទូរស័ព្ទលេខ ០១២ ៤៣៤ ៤៤៨៕
ដោយ, សិលា