អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានចុះផ្សាយថា៖ ប្រជាជនហុងកុងចំនួន២នាក់ ដែលត្រូវបានអាជ្ញាធរចោទប្រកាន់ថា ជាបក្ខពួកនៃក្រុមដែលអំពាវនាឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មប្រឆាំងប្រទេសចិននោះ នៅពេលនេះបានសារភាពកំហុសរបស់ពួកគេ នៅចំពោះមុខតុលាការទីក្រុងហុងកុងហើយ។ ជាក់ស្ដែងចំពោះការចាប់ខ្លួនពួកគេទាំង២នាក់នេះ ក៏ជាប់ពាក់ព័ន្ធនឹងរឿងក្តីរបស់មហាសេដ្ឋី ជីមមី ឡៃ (Jimmy Lai) ផងដែរ។
ប្រជាជនហុងកុងទាំង២នាក់នេះ ទី១,ឈ្មោះ អ៊ែនឌី លី (Andy Li) អាយុ ៣១ឆ្នាំ និងទី២,ឈ្មោះ ចាន់ វ៉ា (Chan Tsz-wah) អាយុ ៣០ឆ្នាំ បានសារភាពកំហុសជុំវិញការចោទប្រកាន់ថា ពួកគេបានគប់គិតជាមួយកងកម្លាំងបរទេស ដើម្បីបង្កអសន្តិសុខដល់ប្រទេសចិន។
ដោយឡែកចៅក្រមតុលាការហុងកុង ក៏បានអះអាងថា ពួកគេទាំងពីរនាក់នេះ គឺជាសមាជិកនៃក្រុមមួយ ដែលបានរៀបចំតាក់តែង និងផ្សព្វផ្សាយអត្ថបទឲ្យកាសែតបរទេស ដើម្បីអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសចិន។
សូមជម្រាបថា ការចោទប្រកាន់បុគ្គលពីរនាក់ខាងលើនេះ ត្រូវបានធ្វើឡើង ស្ថិតនៅក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលប្រទេសចិនបានដាក់ឲ្យអនុវត្តនៅទីក្រុងហុងកុង កាលពីឆ្នាំ២០២០កន្លងទៅ និងបានធ្វើឱ្យការតវ៉ាស្ងប់ស្ងាត់ទៅវិញ។
គួរបញ្ជាក់ថា គិតចាប់តាំងពីការដាក់ឱ្យអនុវត្តច្បាប់នោះមក មនុស្សសរុបជាង ១៣០នាក់ត្រូវបានចាប់ខ្លួន ដោយពួកគេភាគច្រើនសុទ្ធតែជាសកម្មជន ទាមទារលទ្ធិប្រជាធិបតេយ្យ សម្រាប់ទីក្រុងស្វយ័តរបស់ចិនមួយនេះផងដែរ៕ដោយ៖ស តារា
រូបថតឯកសារ៖ The New York Times