ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទ បានចូលរួមសម្ពោធដាក់ ឲ្យប្រើប្រាស់ អគារសិក្សាមង្គល សិរីគៀនឃ្លំាង ១ខ្នង កំពស់៣ជាន់ ស្មើរ១៧បន្ទប់ អស់ថវិកា ចំនួន ៤៨៤៣៦៨ ដុល្លារអាម៉េរិក បានមកពីការចូលរួមពីព្រហសង្ឃនិងពុទ្ធបរិស័ទ និងពីអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយសមិទ្ធិផលនានា វត្ដមង្គលគៀនឃ្លំាង រួមមាន កុដិ២ ខ្នង របង ក្លោងទ្វារ ដងទង់១គូ ប្រាសាទពោធិព្រឹក្សមាស សាលាធម្មសភា និងសួនច្បារ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី ២០ ខែកក្ដដា ឆ្នំា២០១៥ ។
លោកស្រី កែវ សុណារី អភិបាលរងខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា៖ សាលាបឋមសិក្សាមង្គលសិរី គៀនឃ្លំាង សិ្ថតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានបង្កើតឡើងតាំងពីសម័យអាណានិគមនិយមបារាំងមក មានអគារសិក្សាធ្វើពីឈើជញ្ជាំង និងដំបូលប្រក់សឹ្លក។ នៅឆ្នាំ១៩៦០ សាលាមានអគារសិក្សា តែមួយខ្នង ២ជាន់ ៦បន្ទប់ ស្ថិតនៅក្នុងបរិវេណ វត្ដមង្គលគៀនឃ្លំាង រហូតដល់របបប្រល័យពូជសាសន៍ ត្រូវបានបំផ្លិចបំផ្លាញ គ្មានសល់ ។ក្រោយថ្ងៃរំដោះ៧មករា ឆ្នំា១៩៧៩ ត្រូវបានប្រជាពលរដ្ឋ រួមជាមួយពុទ្ធបរិស័ទ បានឯកភាពគ្នាចូលរួមកសាងឡើងវិញធ្វើអំពីឈើ ១ខ្នងប្រក់ក្បឿង ដើម្បីទុកឲ្យកូនចៅបានរៀនសូត្រ ក្រោយមកមានសភាពចាស់ទ្រុឌទ្រោម ទើបអាជ្ញាធរ រាជធានីភ្នំពេញ មន្ដ្រីរាជការ ក្រោមឱវាទ រួមជាមួយនិងព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ដ ក៍បានសម្រេចកសាងឡើងវិញ ដោយធ្វើ អំពីថ្ម ១ខ្នង កំពស់៣ជាន់ មាន១៧បន្ទប់ ប្រក់ក្បឿង ទីចាត់ការ និងបន្ទប់ទឹក ដោយចំណាយថវិកាសរុប អស់ចំនួន៤៨៤ ៣៦៨ ដុល្លារអាម៉េរិក។ដើម្បីទុកឲ្យកូនចៅបានចូលរៀនសមរម្យ មានកន្លែងរៀនស្អាត សាក់សមជាកន្លែងសិក្សា ដែលមានផាសុខភាព ស្របតាមយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាល ។
លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅរាជធានីភ្នំពេញសម្តេចតេជោ បាននឹងកំពុងសាងសង់អគារចំនួន១៨៤ខ្នង ស្មើ៧៨៩ បន្ទប់ ក្នុងនោះមានអគារសិក្សា១០៩ ខ្នង មាន៧០៣បន្ទប់ ទីចាត់ការ១០ ខ្នង ៦៦បន្ទប់ អគារកាត់ដេរ៧ខ្នង ១៩ បន្ទប់ បណ្ណាល័យ៨ខ្នង ១៩បន្ទប់ សាលប្រជុំ៥ខ្នង ៩បន្ទប់ កន្លែងលក់ចំណីអាហារ៨ខ្នង និងកន្លែងផ្ញើកង់៥ខ្នង នៅតាមសាលារៀនចំនួន៧៨សាលា ក្នុងសង្កាត់ចំនួន៤៩ នៃខណ្ឌទាំង១២ របស់រាជធានីភ្នំពេញ ។ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ក្រោមទស្សនៈវិស័យដ៏វែងឆ្ងាយ និងពោរពេញទៅដោយសុទិដិ្ឋនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលសម្តេចបាននឹងកំពុងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុងនោះមួយផ្នែក គឺសំដៅទៅលើការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ។ ជាការពិតណាស់ ក្នុងរយៈពេល៣៥ឆ្នាំ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាង និងពង្រីកសាលារៀនឲ្យបានច្រើនទៅតាមតំរូវការរៀនសូត្រ របស់កូនចៅ ប្រជាជនយើង នៅទូទាំងប្រទេស ។ លោកបន្ដថា៖ ក្មួយៗ មានវាសនាបានចូលរៀន ក្នុងបន្ទប់ថ្មីដ៏ស្អាត មានតុ កៅអី សមរម្យ និងមានផាសុខភាព ។ ដូច្នេះ ដើម្បីជាកិច្ចតបស្នងសងគុណចំពោះ សម្តេចតេជោ និងលោកជំទាវកិតិ្តព្រឹទ្ធបណិ្ឌត ចូរក្មួយៗ ខិតខំត្រងត្រាប់ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងខិតខំរៀនសូត្រ ព្រោះភាពឧស្សាហ៍ព្យាយាម រួមផ្សំ និងសីលធម៌ល្អ ទើបក្មួយៗ បានក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ អនាគតពលរដ្ឋល្អ នេះហើយដែលជាប្រភព ធ្វើឲ្យក្មួយៗ ទទួលបានជ័យជំនះដ៏ឧត្តុង្គឧត្តម ក្នុងវ័យនៅក្មេងសំរាប់ការសិក្សារបស់ក្មួយៗ នាពេលនេះ ។
លោកក៍បានក្រើនរំលឹក ដល់ក្មួយសិស្សានុសិស្សទាំងអស់ បើស្រលាញ់ខ្លួន និងស្រលាញ់ឪពុក ម្តាយ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវមានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះមិត្តភកិ្ត និងត្រូវណែនាំគ្នាទៅវិញទៅមក អំពីគ្រោះថ្នាក់ នៃការប្រើបា្រស់គ្រឿងញៀន និងត្រូវបដិសេធ ចំពោះគ្រឿងញៀន គ្រប់ប្រភេទ ។ ទន្ទឹមនឹងនេះ ក្មួយៗមិនត្រូវធ្វើជាក្មេងទំនើងឡើយ ហើយត្រូវប្រតិបតិ្តច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាសុវតិ្ថភាពផ្ទាល់ខ្លួន និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចកី្តថ្លៃថ្នូរដល់សង្គមជាតិយើង ព្រោះបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរបានកើតឡើងជារៀងរាល់ថ្ងៃ ហើយធ្ងន់ធ្ងរ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ហើយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរច្រើនជាងការស្លាប់ ដោយសារជំងឺផ្សេងៗ និងគ្រាប់មិនទាន់ផ្ទុះទៅទៀត ៕ដោយ៖សំរិត