ការដែលលោក Sabri Yaakob ក្លាយជានាយករដ្ឋមន្ត្រីទី៩របស់ម៉ាឡេស៊ី មិនមានអ្វីបង្កឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពី តំណាងរាស្ត្រ។ នៅក្នុងការបោះឆ្នោត លោក Sabri Yaakob ទទួលបានសំឡេងគាំទ្រដល់ទៅ ១១៤នាក់ក្នុងចំណោមតំណាងរាស្ត្រ២២០នាក់ ។ នៅល្ងាចថ្ងៃទី២០ខែសីហា រាជវាំងម៉ាឡេស៊ីបានប្រកាសតែងតាំងលោក Sabri Yaakob ជា អនុប្រធានគណបក្សប្រជាជនម៉ាឡេស៊ី UMNOធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ។ ការសម្រេចខាងលើកើតឡើងក្រោយពេលព្រះមហាក្សត្រ Al-Sultan Abdullah បានប្រជុំជាមួយគណៈក្រុមប្រឹក្សារាជវាំង ។ រដ្ឋសភាម៉ាឡេស៊ីមានកៅអីក្នុងសភាចំនួន២២២ ប៉ុន្តែពេលនេះមានតំណាងរាស្ត្រតែ ២២០នាក់ប៉ុណ្ណោះ ដោយសារតែមិនទាន់បោះឆ្នោតបំពេញបន្ថែមជំនួសតំណាងរាស្ត្រពីររូបដែលបានស្លាប់កាលពីឆ្នាំ២០២០។ តាមច្បាប់រដ្ឋធម្មនុញ្ញដើម្បីក្លាយជានាយករដ្ឋមន្ត្រីគឺត្រូវទទួលបានការគាំទ្រពីតំណាងរាស្ត្រ ១១១នាក់ ។ កាលពីថ្ងៃទី១៦ខែសីហា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសលាលែងចេញពីតំណែង ក្រោយពីលោកបាត់បង់ការគាំទ្រជាច្រើនពីសមាជិករដ្ឋសភា ៕ដោយ៖ធីរីណា
រូបថត៖AP.