ភ្នំពេញ, នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ.) តាមប្រព័ន្ធវីដេអូអនឡាញ zoom ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាចំនួន ២៥រូប។
ផ្តើមកិច្ចប្រជុំ លោក ហ៊ុន ម៉ានី សូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាតាំងពីពេលត្រូវបានបង្កើតឡើងកាលពីពេលកន្លងទៅនេះ។
យោងរបាយការណ៍សកម្មភាព ដោយលោក ស សុខា ប្រធាន ក.យ.គ. បានឱ្យដឹងថា ក្រោយពីត្រូវបានតែងតាំង ក្រុមប្រឹក្សាបានខិតខំអនុវត្តការងាររបស់ខ្លួនតាមការប្រគល់ភារកិច្ចជូនដោយគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បើទោះជាស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លង កូវីដ ១៩ នៅមិនទាន់ថមថយ ដោយបន្តធ្វើការងារពីចម្ងាយ តាមប្រព័ន្ធអនឡាញ។ ជាមួយគ្នានោះដែរ ក្រុមប្រឹក្សាប្តេជ្ញាចិត្តក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឱ្យសមតាមទំនុកចិត្តដែលគណៈអចិន្រ្តៃយ៍បានប្រគល់ជូន ក្នុងការកសាងធនធានសមាជិក និងបណ្តាញយុវជនរបស់ ស.ស.យ.ក. ក្នុងចំណោមសិស្សនិស្សិត និងបញ្ញវន្ត។
មានមតិសរុបអង្គប្រជុំ ជាថ្មីម្តងទៀត លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស.ស.យ.ក. ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ ស្មារតី និងសម្ភារក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះ លោកក៏បានប្រកាសគាំទ្រសកម្មភាពរបស់ក្រុមប្រឹក្សា និងជឿជាក់លើការដឹកនាំក្រុមប្រឹក្សា ដែលនឹងចូលរួមចំណែកក្នុងការបីបង្កើនប្រជាប្រិយភាពដល់សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងចំណោមយុវជនបន្ថែមទៀត៕
ដោយ, សិលា