តំណាងប្រជាពលរដ្ឋ ៧៤គ្រួសារនៅខេត្តកែបយល់ព្រមទទួលស្គាល់ថា ដីដែលពួកគាត់កំពុងអាស្រ័យផល គឺជាដីឆ្នេរសមុទ្រជារបស់រដ្ឋពិតប្រាកដ !

ចែករំលែក៖

ខេត្តកែប, នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា, ក្រោយពីបានចូលរួមប្រគល់ប័ណ្ណដីជូន លោកយាយ ម៉ក់ ស៊ូន និងភាគីកូនស្រីបង្កើតរួចហើយ ខ្ញុំនិងលោកអភិបាលខេត្តកែប សោម ពិសិដ្ឋ បានជួបសំណេះសំណាលបន្តជាមួយតំណាងប្រជាពលរដ្ឋ៦នាក់ និងអ្នកសារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយអំពីការតវ៉ារបស់ប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលមានកន្លែងលក់ដូរនៅតាមឆ្នេរជ្រោយដូងទល់មុខសាលាខេត្តកែប។ លោក ដួង តារា បញ្ជាក់ថា, បងប្អូនបានលើកឡើងអំពីមូលមួយចំនួនដែលបណ្តាលអោយមានផ្ទុះការតវ៉ាគឺៈ

១)កន្លងមកពួកគាត់ចង់ជួបលោកអភិបាលខេត្តកែបដើម្បីដោះស្រាយបញ្ហានិងចម្ងល់មួយចំនួន ប៉ុន្តែ​ក្នុង​សម័យ​កាល​រីករាល​ដាល​ឆ្លង​ជំងឺ​កូវីដ​មិនមានឱកាសបានចូលជួបឡើយ។
២)បងប្អូនប្រជាពលរដ្ឋមិនបានស្នើសុំធ្វើ (បណ្ណរឹង) លើដីដែលកំពុងលក់ដូរ​អាស្រ័យ​ផល​សព្វថ្ងៃដូចការនិយាយមិនពិតរបស់គេទេ (?)។
៣)ពួកគាត់បានឮពាក្យចចាមអារាមថា ដីឆ្នេរសមុទ្រដែលអាជ្ញាធរកំពុងឈូសឆាយរៀបចំនេះ គឺនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកផ្សេង ដែលធ្វើអោយពួកគាត់មានការសង្ស័យត្រូវតវ៉ា ដោយសារពួកគាត់ពិតជាបានអាស្រ័យផលនៅទីនេះជាង៣០ឆ្នាំមកពិតប្រាកដ។

លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា គម្រោងអភិវឌ្ឍន៍ឆ្នេរនេះគឺជាគម្រោងរបស់រដ្ឋ មិនមែនជាការរៀបចំចាក់ដីធ្វើប្លង់ជូនទៅបុគ្គលណាម្នាក់ទេ ដូច្នេះសូមបងប្អូនឈប់មន្ទិលសង្ស័យតទៅទៀត។

លោករដ្ឋលេខាធិការបន្តថា, ទន្ទឹមនឹងនោះដែរ ខ្ញុំក៏បានពន្យល់អំពីផ្លូវច្បាប់ជូនបងប្អូនប្រជាពលរដ្ឋអោយបានយល់អំពី “ដីរដ្ឋ” ដែលក្នុងនោះរួមទាំងដី​ចំណីច្រាំងទន្លេ, ដីឆ្នេរសមុទ្រ, ដីចិញ្ចើមផ្លូវ, ដីចំណីថ្នល់…ជាដើម។ ខ្ញុំបានបញ្ជាក់ច្បាស់ជូនបងប្អូនចំពោះដីដែលបងប្អូនកំពុងអាស្រ័យផលលក់ដូរលើឆ្នេរមុទ្រនោះគឺជាដី​សាធារណៈ​របស់​រដ្ឋ ហើយដីទាំងនេះគឺរដ្ឋត្រូវការអភិវឌ្ឍន៍នៅពេលណាមួយមិនខាន។ ដីឆ្នេរនេះគឺរដ្ឋមិនអាចចេញប្លង់កម្មសិទ្ធិទៅអោយបុគ្គលណាមួយបានឡើយ។

នៅពេលនេះបងប្អូនប្រជាពលរដ្ឋបានយល់ដឹងច្បាស់អស់ហើយ ប៉ុន្តែប្រជាពលរដ្ឋបានស្នើសុំតែសិទ្ធិលក់ដូរនៅតាមឆ្នេរគ្រាន់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ ប្រសិនបើរដ្ឋត្រូវការនៅពេលណា គឺបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនទៅរដ្ឋវិញដោយគ្មានការទាមទារតវ៉ាអ្វីឡើយ។

លោកអភិបាលខេត្តកែបក៏បានឯកភាពយល់ព្រមតាមសំណើពលរដ្ឋផងដែរ។ ខ្ញុំបានស្នើសុំលោក រៀបចំ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​រវាងខេត្តនិងពលរដ្ឋបញ្ជាក់អោយច្បាស់ ដើម្បីចៀសវាងបញ្ហាទៅថ្ងៃក្រោយទៀត។

ក្រោយពីមានការយល់ព្រមនិងឯកភាពរវាងក្រុម​អាជីវករ​ និងរដ្ឋបាលខេត្តហើយ ខ្ញុំក៏បានទៅមើលទីតាំងឆ្នេរដែលប្រជាពលរដ្ឋតវ៉ា។ ប្រជាពលរដ្ឋបង្ហាញនូវសេចក្តីសប្បាយរីករាយ ប្រកបដោយភាពកក់កក្តៅ និងជំនឿទុកចិត្តដែលពួកគាត់បានដឹងច្បាស់ថាដីឆ្នេរដែលកំពុងអភវឌ្ឍន៍នេះគឺជាគម្រោង​រដ្ឋ​ពិតប្រាកដមែន​។

លោកបញ្ជាក់ថា , មុននឹងចាកចេញមកភ្នំពេញវិញ បងប្អូនប្រជាពលរដ្ឋបានជូនក្តាមស្ងោរ១ធុងមកខ្ញុំផងដែរ។ ខ្ញុំក៏សប្បាយរីករាយដែលបានជួយសម្របសម្រួលដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ ពិតណាស់ សុខទុក្ខពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេចទាំងទ្វេ​ ។ ប្រជាពលរដ្ឋគោរពស្រឡាញ់និងជូនពរសម្តេចទាំងទ្វេមានសុខភាពល្អរឹងមំាដេីម្បីជាម្លប់ដល់កូនចៅប្រជាពលរដ្ឋទូទាំងប្រទេស។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print