ភ្នំពេញ, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា, ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវអំណរគុណចំពោះស្មារតីសាមគ្គីភាព និងការជួយគ្នាក្នុងត្រាលំបាក នៃបណ្តាប្រទេសជាមិត្តដែលបានផ្តល់វ៉ាក់សាំងទាន់ពេលវេលា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិនដែល ជាប្រទេសឈានមុខក្នុងការផ្តល់វ៉ាក់សាំង ទាំងជំនួយមនុស្សធម៌ ទាំងតាមការបញ្ជាទិញ ក៏ដូចជាប្រទេសជប៉ុន ប្រទេសអង់គ្លេស ប្រទេសអាមេរិកដែលធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រព្រឹត្តទៅលឿនជាងការគ្រោងទុក។
សម្តេចថ្លែងថា, ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជាពិសេសអង្គការសុខភាពពិភពលោក (WHO), អាយអូអឹម (IOM), យូអិនអេហ្វភីអេ (UNFPA), យូនីសេហ្វ (UNICEF), អង្គការហ្វាវ (FAO), យូអ៊ិនឌីភី (UNDP) និងអង្គការដៃគូអភិវឌ្ឍអន្តរជាតិ និងស្ថានតំណាងពីបណ្តាប្រទេសនានាក្នុងសកលលោក ព្រមទាំងវិនិយោគិនបរទេស និងក្នុងស្រុកដែលតែងតែនៅជាមួយកម្ពុជា សហការជួយដោះស្រាយក្នុង ស្ថានភាពដ៏លំបាកនេះ ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍បន្តថា, សូមថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន អង្គភាព ក្រុមគ្រូពេទ្យ ទាំងស៊ីវិលទាំងកងកម្លាំងការពារជាតិ កម្លាំងនគរបាល ត្រូពេទ្យស្ម័ត្រចិត្ត អាជ្ញាធរសមត្ថកិច្ច ត្រប់ផ្នែក និងមន្ត្រីជួរមុខ តាមបណ្តាខេត្តជាប់ព្រំដែន អ្នកបម្រើការតាមមណ្ឌលចត្តាឡីស័ក តាមមន្ទីរព្យាបាល នៅសហគមន៍ ក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល គ្រប់និកាយសាសនា វិស័យឯកជន និងសប្បុរសជន ដែល បានលះបង់កម្លាំងកាយចិត្ត ធនធានសម្ភារៈ និងថវិកា ដើម្បីជួយជ្រោមជ្រែងរាជរដ្ឋាភិបាលដោះស្រាយគ្រប់ បញ្ហា និងត្រប់ដំណាក់កាល ។
សម្តេចសូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ដឹកនាំសាសនា អង្គការការីតាសកម្ពុជា និងអន្តរជាតិ បណ្ដាអង្គការជាដៃគូដែលបានចូលរួមគាំទ្រវេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ-១៩ ។ សូមបងប្អូនជនរួមជាតិនៅបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ការពារ- ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិត ថ្លៃឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពសាំ ចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ៕
ដោយ, សុខ ខេមរា