អភិបាលក្រុងកាប៊ុល លោក Mohammad Daoud Sultanzoy បានឱ្យដឹងថា លោកនឹងបន្តកាន់តំណែងដឹកនាំក្រោមរបបគ្រប់គ្រងដោយតាលីបង់ ក្រោយពេលលោកទទួលបានការហៅទូរស័ព្ទពីថ្នាក់ដឹកនាំក្រុមតាលីបង់ស្នើឲ្យលោកបន្តកាន់តំណែងអភិបាលក្រុងដដែល។ សារព័ត៌មាន RT បានផ្សាយថា លោក Mohammad Daoud Sultanzoy បានបញ្ជាក់ថា លោកទទួលបានការហៅទូរស័ព្ទពីក្រុមតាលីបង់ក្រោយពេលក្រុមនេះគ្រប់គ្រងរដ្ឋធានី។ អភិបាលក្រុងកាប៊ុលបានលើកឡើងថា «ក្រុមតាលីបង់និយាយថា ខ្ញុំគួរតែបន្តកាន់តំណែងរបស់ខ្លួន»។ តាមការលើកឡើងរបស់អភិបាលក្រុង Mohammad Daoud Sultanzoy ស្ថានភាពក្នុងរដ្ឋធានីបានវិលមករកសភាពល្អប្រសើរដូចដើមវិញ លើកលែងតែតំបន់មួយចំនួនដែលជាទីតាំងកណ្តាលក្នុងការដឹកជញ្ជូនប៉ុណ្ណោះ ។ លោក Mohammad Daoud Sultanzoy បានបញ្ជាក់ទៀតថា ប្រសិនបើក្រុមតាលីបង់ចង់ឲ្យអាហ្វហ្គានីស្ថានក្លាយជាចំណែកមួយរបស់សហគមន៍អន្តរជាតិ គឺយើងចាំបាច់ត្រូវតែធ្វើសកម្មភាព ប្រកបដោយសុទិដ្ឋិនិយម ផ្តល់តម្លៃដល់សិទ្ធិរបស់មនុស្ស ពិសេសគឺស្ត្រី។ ជាមួយគ្នានេះដែរ បន្ទាត់ព្រំដែនទាំងឡាយរបស់អាហ្វហ្គានីស្ថាននឹងបើកឡើងវិញនៅសប្តាហ៍ក្រោយ។ ចំណែកនៅតាមមជ្ឈមណ្ឌល ផ្សារទំនើបនឹងបើកដំណើរការដូចដើមវិញ។ ពាក់ព័ន្ធនឹងសិទ្ធិរបស់ស្ត្រី អភិបាលក្រុងកាប៊ុល លោក Mohammad Daoud Sultanzoy បញ្ជាក់ថា បើទោះបីអនុវត្តច្បាប់សាសនា ប៉ុន្តែសង្គមនៅតែមានស្ត្រី៥០% ហើយនៅក្នុងសាសនាក៏មានផ្តល់សិទ្ធិសេរីភាពដល់ស្ត្រីផងដែរ ។ ជាមួយគ្នានេះដែរ អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh នឹងឡើងកាន់អំណាចដឹកនាំអាហ្វហ្គានីស្ថាន ប៉ុន្តែមិនមានសិទ្ធិពេញលេញទេ ដោយសារតែទីក្រុងធំៗ ច្រកព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ គឺក្រុមតាលីបង់ជាអ្នកគ្រប់គ្រង៕ដោយ៖ធីរីណា
រូបថត៖The New York Times