ភ្នំពេញ, នៅល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញ ទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ១០មុឺនដូស ជាជំនួយសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា ផ្តល់ជូនកាកបាទក្រហមកម្ពុជា។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីផេកផ្លូវការរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានលម្អិតថា, ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-CoV2 (Sinopharm) ប្រព្រឹត្តទៅ ក្រោមអធិបតីភាព សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។
សូមជម្រាបថា ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុងសហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំងសម្រាប់កម្ពុជា និងគាំទ្រមិនងាករេដល់កិច្ចការងារប្រយុទ្ធប្រឆាំងជំងឺវីរុសនៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ។
កន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន នៅតែជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងវិធានការប្រកបដោយប្រសិទ្ធភាព ជាពិសេសខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សម្រេចបានជាង៨០% បើធៀបនឹងចំនួនប្រជាជនគោលដៅ ១០លាននាក់ និងបានសម្រេចដាក់ដូសទី៣ (ដូសជំរុញ)ជូនមន្ត្រីជួរមុខ ព្រមទាំងកំពុងបើកយុទ្ធនាការចាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ធ្វើឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ជាប្រទេសដែលបានផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេ និងជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោកដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ពោលគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ៕
ដោយ, សិលា