ខេត្តកំពង់ឆ្នាំង៖ បើតាមការបញ្ជាក់ពីមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអង្គារទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចុះសហការជាមួយ មន្ត្រីពេទ្យសត្វស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ចុះពិនិត្យពីស្ថានភាពជំងឺឆ្លង ព្រមទាំងអបរំ ផ្សព្វផ្សាយ ណែនាំ និងរបៀបព្យាបាលជំងឺសត្វគោ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ បន្ទាប់ពីមានករណី ផ្ទុះជំងឺដុំពក លើសត្វគោនោះ ។
នាឱកាសនោះ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង លោក ហ៊ិន លី បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វគោ កើតជំងឺដុំពក ក្រោមស្បែក សូមព្យាបាល និងថែរក្សា ដាក់ដោយឡែក ពីគេ ដើម្បីការពារជំងឺឆ្លង ដុំពកមួយនេះ។
បន្ថែមពីនេះ លោកអនុប្រធានការិយាល័យផលិតកម្មរូបនេះ បានបន្តថា ជំងឺដុំពក នៅលើស្បែកសត្វគោ គឺមានលក្ខណៈកាចសាហាវ ដែលអាចបណ្ដាល ឱ្យគោរបស់បងប្អូនប្រជាពលរដ្ឋ ងាប់បាន បើបងប្អូនមិនយកចិត្តទុកដាក់ព្យាបាល និងថែរក្សា ទាន់ពេល វេលានោះទេ ដោយហេតុនេះហើយ សូមបងប្អូន ធ្វើទ្រុង និងដាក់ឲ្យសត្វគោ ដេកមានទួលសុវត្ថិភាព ។ ជាមួយគ្នានេះក្រុមមន្ត្រីជំនាញ ក៏បានបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទ្រុង សត្វគោរបស់ប្រជាពលរដ្ឋបានចំនួន ១២ ទ្រុងផងដែរ។
គួរជម្រាបថា ចំពោះការផ្សព្វផ្សាយនេះ មន្ត្រីជំនាញពេទ្យសត្វ ក៏បានចែកជូនបងប្អូនប្រជាពលរដ្ឋ នូវថ្នាំព្យាបាល និងប្រាប់ពីវិធីព្យាបាល ដោយខ្លួនឯង ជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់សត្វគោ ទាំងនោះ។ មិនតែប៉ុណ្ណោះសម្រាប់ថ្ងៃនេះដែរ គឺមន្ត្រីជំនាញពេទ្យសត្វ បានព្យាបាលជំងឺសត្វគោណា ដែលមានលក្ខណៈ ធ្ងន់ធ្ងរ ហើយសល់ប៉ុន្មាន ទុកឱ្យបងប្អូន អាចព្យាបាលដោយខ្លួនឯងបាន តាមការណែនាំរបស់មន្ត្រីជំនាញ ពីវិធីលាងរបួស និងពីវិធីលាបថ្នាំ វិធីច្រកថ្នាំ និងចាក់ថ្នាំ ជាដើម ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិដែលបានចូលរួមស្ដាប់ការពន្យល់ណែនាំ ដែលពួកគាត់មានសត្វគោ សរុបចំនួន ២១២ ក្បាល ក្នុងនោះងាប់ ៤ក្បាល និងកំពុងកើតជំងឺដុំពកលើស្បែក ចំនួន ៨៩ក្បាល។ មន្ត្រីជំនាញ បានព្យាបាលបានមួយចំនួនធំ និងសល់ប៉ុន្មាន ទុកឱ្យបងប្អូន ព្យាបាលដោយខ្លួនឯង៕ដោយ៖អារុណរះ