ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកម្លាំងប្រដាប់អាវុធទាំងបី មានកងរាជអាវុធហត្ថ នគរបាល និងយោធា ចុះសួរសុខទុក្ខក្រុមគ្រួសារ អតីតយុទ្ធជនចំនួន០៤គ្រួសារ និងចាស់ជរាទុគ៌តជន រួមបានឧបត្ថម្ភថវិកានិងគ្រឿងឧបភោគ បរិភោគ នៅក្នុងស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ។
ជួបជាមួយបងប្អូនអតីតយុវជន លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ក្រោមដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខយ៉ាងខ្លាំងចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនដែលបានធ្វើពលីកម្មទៅលោកខាងមុខក្តី ដោយមិនទុកឲ្យពួកគាត់រស់នៅឯកាឡើយ។ រាល់ការលំបាកនិងសុខទុក្ខរបស់ពួកគាត់គឺជាកង្វល់របស់ប្រមុខរាជរដ្ឋាភិបាលដូចគ្នា ។ ដូច្នេះក្នុងនាមលោកជាមន្រ្តីរបស់រាជរដ្ឋាភិបាល បានខិតខំបំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើសេវា និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានាគ្រប់កាលៈទេសៈ។
លោកបញ្ជាក់បន្ថែមថា បើទោះបីជាបងប្អូនអតីតយុទ្ធជនរបស់យើងបានលាចាកលោកនេះក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសាររបស់ពួកគាត់ ដែលក្នុងនោះក្រុមគ្រួសារនៃសពត្រូវបានទទួលនូវប្រាក់របបគោលនយោបាយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដើម្បីតបស្នងនូវការលះបង់ដ៏ធំធេងក្នុងការការពារទឹកដីនៃយើង។
នាឱកាសនោះផងដែរ លោកនិងក្រុមការងារ បានអញ្ជេីញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយ និងថវិកា របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារអតីតយុទ្ធជនពិការក្រីក្រលំបាក ៕
ដោយ៖ វណ្ណៈ