ខេត្តតាកែវ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯប្រុស ស្រី ៧នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ រថយន្តកាមរីឆ្លាមបុករ៉ឺម៉កកង់៣ ខណៈដែលកំពុងបើកបរមកដល់ចំណុចផ្លូវកោង ស្ថានភាពផ្លូវគ្រោះថ្នាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៤៥ លេខ៤៦ ភូមិរន្ធ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
ប្រភពព័ត៌មានពីនគរបាលចរាចរណ៍បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តកាមរីស្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2k 0718 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ធ្វើដំណើរពីត្បូងមកជើង បញ្រាស់ទិស លុះមដល់ចំណុចកើតហេតុខាងលើ កន្លែងផ្លូវកោងនោះ ដោយសារប្រើប្រាស់ក្នុងល្បឿនលឿនខ្លាំងពេក ទាញចង្កុតមិនទាន់ ក៏ជ្រុលបុករ៉ឺម៉កកង់៣ពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកបើកបររ៉ឺម៉ក ឈ្មោះ គឹម ម៉េត អាយុ៥៨ឆ្នាំ ទីលំនៅភ្នំពេញ ស្លាប់នៅនឹងកន្លែង ។ រីឯអ្នករួមដំណើរ៧នាក់ ក្នុងនោះស្រី២ រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនមន្ទីរពេទ្យបង្អែកស្រុកបាទីដើម្បីព្យាបាល និងសង្គ្រោះបន្ទាន់ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសាររថយន្តល្បឿនលឿនពេក ដោយមិនស្គាល់ពីស្ថានភាពផ្លូវ ។ ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយវាស់វែងកន្លែងកើតហេតុ សមត្ថកិច្ចបានយករថយន្ត និងរ៉ឺមកមករក្សាទុកដើម្បីស្រាវជ្រាវ និងដោះស្រាយគ្នាជាក្រោយ ៕
ដោយ៖ ជីសូរកា